ស្ថាប័នពីរ ចាប់ដៃគ្នាអភិវឌ្ឍ ធនធានមនុស្សដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសិហា ឆ្នាំ២០២៥នេះ និយ័តករធានារ៉ាប់រងកម្ពុជា បានចាប់ដៃជាមួយ និងសាកលវិទ្យាល័យជាតិមានជ័យ ក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការ ធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និង ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យជាតិមានជ័យ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងលើកឡើងថា អនុស្សរណៈរវាង និយ័តករធានារ៉ាប់រងកម្ពុជា និង សាកលវិទ្យាល័យជាតិ មានជ័យ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍ ធនធានមនុស្សនៅក្នុងវិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ថ្លែងរំលេចទៀតថា ធានារ៉ាប់រង គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល ក្នុងការជំរុញដំណើរការសេដ្ឋកិច្ច ជួយសង្គមក្នុងការរក្សាសុវត្ថិភាពហិរញ្ញវត្ថុ និងជំរុញស្ថិរភាព ហិរញ្ញវត្ថុរយៈពេលវែង។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្ត ឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន ធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបប្រមាណជាង ១ ប៊ីលានដុល្លារអាម៉េរិក។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុង សេដ្ឋកិច្ចតែប្រមាណ ១,១៣% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២០,៦៥ ដុល្លារអាម៉េរិក តែប៉ុណ្ណោះ។ លើសពីនេះ បើធៀបនឹងប្រទេសក្នុងតំបន់និងលើ សកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេង សម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន រួមមាន៖ កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះ មូលធនមនុស្សក្នុងវិស័យធានារ៉ាប់រង ដែលការណ៍នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសគ្រឹះស្ថានឧត្តមសិក្សា។
ដូច្នេះ ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំនិងដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា២០២១-២០៣០” ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាពិសេសដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបនឹងទទួលបានការការពារហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាធានារ៉ាប់រង។ ក្នុងនោះ និយ័តករធានារ៉ាប់រងកម្ពុជាកំណត់អាទិភាព លើការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង តាមរយៈ ការបង្កើនការផ្សព្វផ្សាយអប់រំសាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការជំរុញ ការដាក់បញ្ចូលមុខវិជ្ជា “ធានារ៉ាប់រង” ក្នុងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សា៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ