នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាអំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥បានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម ( Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលរៀបចំដោយប្រទេសម៉ាឡេស៊ី។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារដែលមានខ្លឹមសារថា “ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា អំពីការជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ឱ្យបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះគឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព”។
ចំណែកឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកដែរ ដែលមានខ្លឹមសារស្រដៀងគ្នា។សារបានបញ្ជាក់ថា”នារសៀលថ្ងៃអង្គារទី១៩ ខែសីហានេះរូបលោក ទើបតែបានជួបសន្ទនាតាមទូរសព្ទជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាស្តីអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ។ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលមានតួនាទីជាប្រធានអាស៊ានប្តូរវេន បានបន្ថែមទៀតមេដឹកនាំទាំងពីរក៏បាននិយាយគ្នាផងដែរ ពាក់ព័ន្ធក្រុមសង្កេតការណ៍អន្តរកាល (IOT) ដែលបាននិងកំពុងចុះសង្កេតការណ៍ផ្ទាល់យ៉ាងយកចិត្តទុកដាក់ នៅតាមតំបន់ព្រំដែននៃកម្ពុជា-ថៃ ហើយបានពិភាក្សាថែមទៀត លើចំណាត់ការផ្សេងៗបន្ថែម ដែលអាចធ្វើឡើងដើម្បីជំរុញប្រសិទ្ធភាពនៃប្រតិបត្តិការឃ្លាំមើលរបស់ IOT៕
ដោយ៖វណ្ណលុក
