អ៊ុយក្រែនគ្រោងចាយលុយ ១០០ ពាន់លានដុល្លារទិញអាវុធអាមេរិក ដោះដូរនឹងការធានាសន្តិសុខ
វ៉ាស៊ីនតោន ៖ អ៊ុយក្រែនមានផែនការទិញសព្វាវុធរបស់អាមេរិក ក្នុងតម្លៃ ១០០ពាន់លានដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយសម្ព័ន្ធមិត្តអឺរ៉ុប ជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានការធានាពីទីក្រុងវ៉ាស៊ីនតោន សម្រាប់សន្តិសុខរបស់អ៊ុយក្រែន បន្ទាប់ពីមានដំណោះស្រាយសន្តិភាពណាមួយជាមួយរុស្ស៊ី។
សារព័ត៌មាន Financial Times (FT) បានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ថិតក្រោមសំណើនេះ អ៊ុយក្រែន និងអាមេរិក ក៏នឹងមានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត មានតម្លៃ ៥០ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះដ្រូនជាមួយក្រុមហ៊ុននានារបស់អ៊ុយក្រែនផងដែរ។
នៅក្នុងឯកសារដែលសារព័ត៌មាន Financial Times បានដកស្រង់ផ្សព្វផ្សាយនេះ មិនបានបញ្ជាក់ថាតើសព្វាវុធប្រភេទណា ដែលអ៊ុយក្រែននឹងទិញពីអាមេរិកនោះទេ ប៉ុន្តែពីមុន ទីក្រុងកៀវបានបង្ហើបឱ្យដឹងពីគោលបំណងចង់បានប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយអាមេរិកយ៉ាងហោចណាស់ ១០គ្រឿង។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបថា ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវអាចនឹងសម្រេចបានក្នុងរយៈពេល ១០ថ្ងៃដ៏ឆាប់ខាងមុខនេះ។
រីឯលោកប្រធានាធិបតី Trump វិញក៏បានប្រាប់លោកប្រធានាធិបតី Zelensky កាលពីថ្ងៃចន្ទផងដែរថា អាមេរិកនឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ ប៉ុន្តែទំហំនៃលទ្ធភាពជំនួយសន្តិសុខបែបនេះនៅមិនច្បាស់ភ្លាមៗនៅឡើយទេ៕
ប្រភព ៖ telegraph និង FT ប្រែសម្រួល ៖ ឈឹម ទីណា
