សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយមនុស្សធម៌បន្ទាន់ ៧សែន អឺរ៉ូ សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានប្រកាសថានឹងផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ ឬប្រមាណមានទឹកប្រាក់ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិកសម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។
បើយោងតាមសហភាពអឺរ៉ុបបានឱ្យដឹងនៅយប់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៥ថាសម្រាប់ជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ ខែ។ វាជាមូលនិធិមនុស្សធម៌ជាបន្ទាន់នេះនឹងបំពេញបន្ថែមលើគម្រោងនានាដែលកំពុងអនុវត្តតាមរយៈដៃគូ អង្គការនៅក្នុងតំបន់។ កាលពីដើមឆ្នាំនេះសហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ៧៦ លានអឺរ៉ូជាជំនួយ មនុស្សធម៌ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិចម្បងៗនៅតំបន់អាស៊ី ខាងត្បូង និងអាស៊ីអាគ្នេយ៍។
ប្រភពនេះបានបន្តឱ្យដឹងថា រាល់ជំនួយអន្តរាគមន៍របស់សហភាពអឺរ៉ុបគឺផ្អែកទៅលើការវាយតម្លៃតម្រូវការជាក់ស្តែងយ៉ាងល្អិត ល្អន់ ហើយជំនួយមនុស្សធម៌ទាំងនេះត្រូវបានផ្តល់ជូនដោយការអនុលោមយ៉ាងពេញលេញទៅតាមគោល ការណ៍មនុស្សជាតិ ភាពមិនលំអៀង ភាពអព្យាក្រឹត និងឯករាជ្យភាព៕
ដោយ ៖ ម៉ាដេប៉ូ


