រុស្ស៊ីទាមទារការធានាសន្តិសុខ ក្នុងកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន

មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និយាយថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ស្តីពីសង្គ្រាមអ៊ុយក្រែន ត្រូវតែមានការធានាសន្តិសុខដល់រុស្ស៊ី និងប្រជាជនរុស្ស៊ីនៅអ៊ុយក្រែន។

លោក Lavrov បានបញ្ជាក់កាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន គួរតែមានការធានាសន្តិសុខដល់រុស្ស៊ី និងសិទ្ធិរបស់ប្រជាជននិយាយភាសារុស្សី ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវចង់ឲ្យមានជំនួបកំពូលសន្តិភាពរវាងលោក Zelensky និង លោក Putin។

ប្រមុខការទូតរុស្ស៊ីរូបនេះបន្ថែមថា ទំនាក់ទំនងណាមួយដែលពាក់ព័ន្ធនឹងប្រធានាធិបតីរុស្ស៊ី-អ៊ុយក្រែន ត្រូវតែរៀបចំឲ្យបានម៉ត់ចត់ ប៉ុន្តែរុស្ស៊ីសូមព្រមានថា ដំណោះស្រាយណាមួយនៃសង្គ្រាមនៅអ៊ុយក្រែន ត្រូវតែគោរពផលប្រយោជន៍សន្តិសុខរបស់រុស្ស៊ី។

បើសិនកើតឡើងមែននោះ កិច្ចពិភាក្សាទល់មុខគ្នារវាងលោក Zelensky និងលោក Putin នឹងក្លាយជាជំនួបលើកដំបូងបំផុត ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីបីឆ្នាំមុន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner