ប្រធានាធិបតីបារាំងស្នើរៀបចំកិច្ចប្រជុំកំពូល Putin-Zelensky នៅស្វីស
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានស្នើថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គួរតែរៀបចំឡើងនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកប្រធានាធិបតី Macron បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ នៅលើប៉ុស្តិ៍ព័ត៌មានបារាំង LCI ថា កិច្ចប្រជុំកំពូលរវាងលោក Putin និង លោក Zelensky គួរតែស្វីសជាអ្នកធ្វើជាម្ចាស់ផ្ទះ ពីព្រោះថា ស្វីសគឺជាប្រទេសអព្យាក្រឹត។
ដោយនិយាយសំដៅថាតើលោកប្រធានាធិបតី Zelensky នឹងត្រូវបង្ខំឱ្យប្រគល់ទឹកដីទៅឱ្យរុស្ស៊ីដែរឬអត់នោះ លោកប្រធានាធិបតី Macron បាននិយាយថា វាអាស្រ័យលើអ៊ុយក្រែនជាអ្នកសម្រេចចិត្តខ្លួនឯងផ្ទាល់។
មេដឹកនាំបារាំងរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ុយក្រែននឹងធ្វើសម្បទាននូវអ្វី ដែល ខ្លួន យល់ ឃើញ ថា គគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែលោកបានបន្ថែម ថា សូមប្រុងប្រយ័ត្ន ឲ្យ បាន ខ្ពស់ ពេល យើង និយាយ អំពី ការ ទទួល ស្គាល់ ផ្លូវ ច្បាប់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
