លោកស្រី Leavitt ថា ទីណាត់ជួបពូទីន-ហ្សេលេនស្គី មានច្រើនជម្រើស
វ៉ាស៊ីនតោន ៖ មន្ត្រីសេតវិមាន លោកស្រី ឡេវីដ បានអះអាង កាលពីថ្ងៃទី១៩ ខែសីហា ថា ទីតាំងរៀបចំកិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី នាពេលខាងមុខ មានជម្រើសច្រើន ដែលកំពុងស្ថិត ក្នុងការពិភាក្សា។
លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី ខារ៉ូឡាន ឡេវីដ (Karoline Leavitt) បានប្រាប់អ្នកកាសែត នៅទីក្រុងវ៉ាស៊ីនតោន ថា មានជម្រើសជាច្រើន សម្រាប់ទីតាំងរៀបចំ កិច្ចប្រជុំកំពូលសន្តិភាព ដែលអាចធ្វើទៅបាន រវាងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និង លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។
ជាមួយគ្នានេះ លោកស្រី ឡេវីដ បានបញ្ជាក់ដែរថា លោកប្រធានាធិបតី Donald Trump ច្រានចោល ការបញ្ជូនទាហានអាមេរិក ទៅ អ៊ុយក្រែន ប៉ុន្តែ អាចនឹងពង្រីកអំណាចផ្លូវអាកាស របស់សហរដ្ឋអាមេរិក ខណៈដែល ប្រទេសលោកខាងលិច ចាប់ផ្តើមលុបចោល ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីត្រួសត្រាយ ឲ្យមានកិច្ចប្រជុំកំពូល ដែលមានសក្តានុពលណាមួយ ជាមួយភាគីរុស្ស៊ី។
គួរបញ្ជាក់ថា គម្រោងជំនួបកំពូល រុស្ស៊ី-អ៊ុយក្រែន ត្រូវបានស្នើឡើង ដោយទទូចពីសំណាក់ លោកប្រធានាធិបតីអាមេរិក Donald Trump។ ជាសំណើ ធ្វើឡើង ក្រោយពេលដែលមេដឹកនាំអាមេរិក រូបនេះ បានជួបចរចាជាមួយ មេដឹកនាំរុស្ស៊ី នៅរដ្ឋអាឡាស្កា ហើយបន្តជួបមេដឹកនាំអ៊ុយក្រែន នៅវ៉ាស៊ីងតោន។
គួរកត់សម្គាល់ដែរថា លោក ប្រធានាធិបតីអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានប៉ុនប៉ងបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន តាំងពីយូរណាស់មកហើយ ជាពិសេស ក្រោយពេលឡើងកាន់តំណែង ជាផ្លូវការ កាលពីខែមករា ឆ្នាំ២០២៥៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
