ហ្សេលែនស្គី ជូនកាដូលោក ត្រាំ «ក្លឹបវាយកូនហ្គោល»

កៀវ ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក ហ្សេលែនស្គី បានផ្តល់កាដូ ជា «ក្លឹបវាយកូនហ្គោល» មួយកន្លែង ជូនដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ទីក្រុង Kyiv បាននិយាយ កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានផ្តល់ឱ្យសមភាគីអាមេរិក លោក Donald Trump នូវក្លឹបវាយកូនហ្គោលមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ហើយ ក្លឹបនេះ ដើមឡើយ ជាកម្មសិទ្ធិ របស់អ្នកប្រយុទ្ធម្នាក់ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ការិយាល័យ មេដឹកនាំអ៊ុយក្រែន បាននិយាយថា លោក Trump ដែលជាអ្នកចូលចិត្ត លេងវាយកូនហ្គោល និង ធ្លាប់ចូលរួមប្រកួតច្រើនដង បានទទួលយក អំណោយនេះ ហើយបានប្រគល់កូនសោ ជានិមិត្តរូប ទៀតផង។

អំណោយនេះ បង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីខែកុម្ភៈ ជាពេលដែល លោក Zelensky ធ្លាប់បានដើរចាកចេញ ពីសេតវិមានភ្លាមៗ បន្ទាប់ពីប្រកែកគ្នា ធ្ងន់ៗ ជាមួយ លោក Trump និងអនុប្រធានាធិបតីអាមេរិក លោក JD Vance។

តែ ចាប់តាំងពីការជួបគ្នា ដ៏តានតឹង នោះមក លោក Zelensky បានព្យាយាមជួសជុលទំនាក់ទំនង ដោយលើកសរសើរ លោក Trump ជាសាធារណៈ និង ពេញចិត្តនឹងកិច្ចខិតខំប្រឹងប្រែងរបស់ លោក ដើម្បី ឲ្យទទួលបានសន្តិភាព។

ការិយាល័យរបស់លោក Zelensky បានអះអាង ថា ក្លឹបមួយនេះ ពីមុន ជាកម្មសិទ្ធិ របស់ឈ្មោះ Kostiantyn Kartavtsev ជាទាហានអ៊ុយក្រែន ដែលបានបាត់បង់ជើង នៅក្នុងខែដំបូង នៃការលុកលុយពេញលេញ របស់រុស្ស៊ី។

អំឡុងការជួបគ្នា នៅសេតវិមាន កាលពីថ្ងៃទី១៨ ខែសីហា លោក Zelensky ក៏បានបង្ហាញ លោក Trump នូវ វីដេអូ របស់ លោក Kartavtsev ផងដែរ។ លោក Trump ថ្លែងអំណរគុណដល់លោក Kartavtsev ហើយ និយាយថា «ខ្ញុំទើបតែមើលការវាយកូនហ្គោល របស់អ្នក។ ខ្ញុំដឹងច្រើនអំពីកីឡាវាយកូនហ្គោល ហើយ ការវាយកូនហ្គោលរបស់អ្នក គឺអស្ចារ្យណាស់»។

លោកបានបន្ថែមថា «អ្នកគឺជាមនុស្សអស្ចារ្យម្នាក់ ហើយ អ្នកគ្រាន់តែ បន្តលេងកីឡាវាយកូនហ្គោល និងធ្វើអ្វីៗផ្សេងៗទៀត។ ប្រទេសរបស់អ្នក គឺជាប្រទេសដ៏អស្ចារ្យមួយ…យើងកំពុងព្យាយាមធ្វើឱ្យ អ៊ុយក្រែន ល្អប្រសើរ ឡើងវិញ។

ជាការកត់សម្គាល់ មេដឹកនាំបរទេស ដែលទៅធ្វើទស្សនកិច្ច នៅសេតវិមាន ព្យាយាម ផ្តល់តម្លៃជូនដល់ លោក Trump ជាមួយនឹងការប្រគល់ អំណោយផ្សេងៗ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner