ចិន-ឥណ្ឌាសាទរការរក្សាព្រំដែនមានស្ថេរភាព និងសន្តិភាព
ញូវដែលី ៖ ប្រទេសឥណ្ឌា និងចិន បានសាទរចំពោះការរក្សាបាននូវ “សន្តិភាព” និង “ភាពស្ងប់ស្ងាត់” នៅតាមតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ ចាប់តាំងពីទំនាក់ទំនងទ្វេភាគីចាប់ផ្តើមប្រសើរឡើងកាលពីឆ្នាំមុន។ ចិន-ឥណ្ឌាមានព្រំដែនរួមគ្នាប្រវែងសរុប ៣.៤៨៨គីឡូម៉ែត្រ។
ការសាទរនេះធ្វើឡើងក្នុងអំឡុងសន្ទរកថាផ្លាស់ប្តូរមិត្តភាព ដែលបានធ្វើឡើងនៅពេលចាប់ផ្តើមការចរចាព្រំដែនលើកទី២៤ រវាងចិន-ឥណ្ឌា។ ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានប្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថា មាននិន្នាការកើនឡើង តែព្រំដែនប្រទេសទាំងពីរនៅតែរក្សាបាននូវភាពស្ថេរភាព សន្តិភាព និងភាពស្ងប់ស្ងាត់។
ចំណែកលោក Wang បានបញ្ជាក់ថា ចិនរីករាយដែលមើលឃើញតំបន់ព្រំដែនមានស្ថិរភាព និងថា ប្រទេសទាំងពីរគួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាព្រំដែនឲ្យបានត្រឹមត្រូវ។
ប្រមុខការទូតចិនរូបនេះ បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្រ្ត និងការពិត បានបង្ហាញជាថ្មីម្តងទៀតថា ទំនាក់ទំនងចិន-ឥណ្ឌាដែលមានសុខភាពល្អ និងស្ថិរភាព កំពុងបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងនៃប្រទេសទាំងពីរ ហើយវាក៏ជាអ្វីដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ចង់បានផងដែរ។
សូមរម្លឹកថា ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរតានតឹងយ៉ាងខ្លាំងចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីការប្រយុទ្ធដោយដៃនៅជ្រលងភ្នំ Galwan បានបណ្តាលឱ្យស្លាប់ទាហានឥណ្ឌា២០នាក់ និងចិន៤នាក់។ ការប៉ះទង្គិចគ្នានោះ គឺជាការសម្លាប់មនុស្សច្រើនបំផុតចាប់តាំងពីសង្គ្រាមខ្លីរវាងឥណ្ឌា និងចិន ក្នុងឆ្នាំ១៩៦២ បង្កឡើងដោយសារជម្លោះនៅព្រំដែនជិត ៣.៥០០គីឡូម៉ែត្រ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា