ឯកឧត្តម ឃួង ស្រេងន ៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ដែលឈរនៅជាមួយប្រជាជន

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលឈរនៅជាមួយប្រជាពលរដ្ឋ មានសុខរួមសុខ មានទុក្ខរួមទុក្ខ មិនរត់ចោលគ្នាដាច់ខាត ។

ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង នាល្ងាចថ្ងៃទី១៩សីហាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សស្នូល ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខគឺមានមុខ គណបក្សប្រជាជនកម្ពុជាជួយ។ ជាក់ស្តែងនៅពេលមានបញ្ហាប៉ះទង្គិចជាមួយថៃ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ឈរយ៉ាងរឹងមាំនៅក្នុងកិច្ចការពារបូរណៈភាពទឹកដី ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ភាពជឿជាក់យ៉ាងមុតមាំមកលើកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោក ចៅសង្កាត់ផ្សារកណ្តាលទី១ លើកឡើងថា យើងបានចលនាឱ្យប្រជាពលរដ្ឋបានទៅរៀនវិជ្ជាជីវៈ ដែលរៀបចំដោយ ក្រសួងការងារបានច្រើន ការផ្តល់ប័ណ្ណសមធម៌យើងក៏បាននិងកំពុងបន្តធ្វើជាប្រចាំ។ ប្រជាជនទាំងមូល បានគាំទ្រសកម្មភាពគណបក្សប្រជាជនកម្ពុជា ពិសេសនៅពេលដែលកម្ពុជាមានប៉ះទង្គិចដោយអាវុធជាមួយទាហានថៃ។

លោកចៅសង្កាត់បន្ថែមថា ជាទិសដៅ របស់គណបក្សសង្កាត់ផ្សារកណ្តាលទី១ គឺខិតខំបំពេញចំណុចខ្វះខាត ចលនាបក្សផ្សេងៗ ឱ្យចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា បន្តការពារសន្តិសុខ សុវត្ថិភាពនិងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អជាងមុនថែមទៀត៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner