អ្នកនាំពាក្យក្រសួងការពារជាតិ៖កន្លងមកនេះអាជ្ញាធរមីន បានចេញសេចក្តីណែនាំនិង អប់រំផ្សព្វផ្សាយ ដើម្បីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ពី គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់ថៃ
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០២៥ អាជ្ញាធរមីន បានចេញសេចក្តីណែនាំមួយដោយចេញវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ សម្រាប់ជនភៀសសឹក ដែលកំពុងស្នាក់នៅទីតាំង ជំរំសុវត្ថិភាព។
គួរបញ្ជាក់ថា ការណែនាំរបស់អាជ្ញាធរមីន គឺដោយសារតែ ខណៈសំណល់ នៃគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ អាចនៅសេសសល់ពីការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងទ័ពថៃដែលបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ដែលជាថ្ងៃបទឈប់បាញ់ចូលជាធរមាន ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងនៅរសៀលថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៥នេះថា ក្រោយពីទទួលបានសេចក្តីណែនាំបន្ទាន់នេះប្រតិបត្តិករជាតិ និងអន្តរជាតិបានចេញប្រតិបត្តិការព្រមគ្នាដើម្បីចុះទៅអប់រំប្រជាពលរដ្ឋនៅតាមទីតាំងសុវត្តិភាពទាំងអស់ និងបន្តអនុវត្តជាប្រចាំនៅតាមសហគមន៍មូលដ្ឋានផ្ទាល់ ក៏ដូចជានៅតាមខ្នងផ្ទះ ។ ការអប់រំជាគន្លឹះនេះគឺប្រយោជន៍ដើម្បី ឱ្យប្រជាពលរដ្ឋបានស្គាល់ពីប្រភេទយុទ្ធភណ្ឌគ្រឿងផ្ទុះ និងហានិភ័យដែលកើតចេញដោយ យថាហេតុ ពិសេសគ្រាប់បែកចង្កោម ដែលកំពុងនៅរាយប៉ាយលើផ្ទៃដីជុំវិញលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ក្នុងសហគមន៍ ។ ជាមួយគ្នានេះប្រតិបត្តិករ ក៏បានកំពុងព្យាយាម ប្រើប្រាស់ឆ្លាកសញ្ញាបង្គោល និងខ្សែប្រើហ៊ុមព័ទ្ធទីតាំងដែលមានគ្រប់ទាំងនោះ ហើយរៀបចំពង្រាយកម្លាំង មកបោសសម្អាត ជាបន្ទាន់ផងដែរ។
គួរបញ្ជាក់ថា ក្រៅពីអប់រំនៅជំរំសុវត្ថិភាព ដែលជនភៀសសឹកកំពុងស្នាក់នៅ អាជ្ញាធរមីន ក៏ស្នើសុំឱ្យពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ សហការ និងរាយការណ៍ អំពីទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដូចជាលំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ និងដីកសិកម្មជាដើម ដើម្បីឱ្យអាជ្ញាធរមីន ឬប្រតិបត្តិករសកម្មភាពមីន ពិនិត្យ វាយតម្លៃ និងបោសសម្អាតជាមុន មុននឹងពលរដ្ឋភៀសសឹកវិលត្រឡប់ទៅស្នាក់នៅ ប្រកបរបរ និងការបង្កបង្កើនផលការងារប្រចាំថ្ងៃវិញ ចៀសវាងគ្រោះថ្នាក់។
សូមរំលឹកដែរថា រយៈពេល ៥ថ្ងៃ នៃការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជាថៃ នៅតាមព្រំដែន យោធាថៃដែលផ្តើមឈ្លានពានលើកម្ពុជា បានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជាយន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព និងលំនៅដ្ឋាន ពលរដ្ឋជាច្រើនកន្លែង៕
ដោយ ៖ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហ៊ួត