ក្រសួងការងារ លើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍បារាំងធ្វើ​ជាបេសកជន​បន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភី អាហា រូបករណ៍ ដែល​ត្រៀម​នឹង​ចេញ​ដំណើរ​ទៅ​បន្តការ​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង នា​បំណាច់​ខែ​សីហា ឆ្នាំ២០២៥ ខាងមុខ​នេះ ឱ្យ​ក្លាយ​ជា​អ្នក​បន្ត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេសកម្ពុជា និង​ប្រទេសបារាំង ឱ្យ​កាន់​តែ​មាន​ភាពរឹងមាំ ដ្បិតថា​និស្សិត​ទាំងអស់​ជា​ធនធាន​មនុស្ស​ដែល​មាន​សក្តានុពល​ដើម្បី​បង្កើត និង​បង្កើន​ឱកាស​វិនិយោគ និង​កិច្ចសហប្រតិបត្តិការនានា រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ទូលំទូលាយ។

ប្រសាសន៍ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិតជ័យលាភី​អាហារូបករណ៍ នៃ​សាធារណរដ្ឋបារាំង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូល​ជួប​សំណេះសំណាល និង​សម្តែង​ការគួរសម​ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥។

ក្នុង​ឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បាន​ចែក​រំលែក​អំពី​ព័ត៌មាន​ស្ដីពី​ផែនការ​សកម្មភាព​ជា​ចម្បង​របស់​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​រួមមាន គោល​នយោបាយ​ទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​និងបច្ចេកទេស និង​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្រប​តាម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​និស្សិត​ជ័យលាភី​កម្ពុជា​ក្នុង​ការរៀបចំ​ជណ្តើរ​អាជីព​របស់​ខ្លួន និង​ជា​ទុន​ក្នុង​ការបង្កើត​ទំនាក់ទំនង​ការងារ​ជា​មួយ​សហគមន៍​អន្តរជាតិ។

លោកជំទាវ ក៏​បាន​រម្លឹកផងដែរ​ថា ក្នុង​នាម​ជា​ប្រទេស​សមាជិក​របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុមប្រទេស​និយាយភាសាបារាំង (OIF) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំកិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅខេត្តសៀមរាប នៅ​ឆ្នាំ២០២៦​ខាងមុខ។ ដោយនេះ​ជា​ឱកាស​ដ៏​ល្អ​មួយ ក្នុង​ការទាក់​ទាញ​បន្ថែម​នូវ​ការ​វិនិយោគថ្មីៗ​សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពី​បណ្ដា​ប្រទេស​សមាជិក​ទាំងអស់ ជា​ពិសេស​បណ្ដា​ប្រទេស​ជា​ច្រើន​ពីអឺរ៉ុប ស្របពេល​ដែល​កម្ពុជា​កំពុង​តែ​មាន​កំណើន​បញ្ញវន្ត ជា​បន្តបន្ទាប់​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ដូច​និស្សិតជ័យលាភី​អាហារូបករណ៍​ខាង​លើ​ជាដើម៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner