សម្តេចក្រឡាហោម៖ កម្ពុជាត្រូវដើរលើពណ៌ចម្រុះ និងផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាគ្មានផ្លូវណាដើរ ក្រៅពីត្រូវដើរលើពណ៌ចម្រុះ និងលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្សនោះទេ ព្រោះអតីតកាលកន្លងមកនេះ កម្ពុជាបានសាកល្បង ឬភ្លក់រសជាតិរបបនានារួចហើយៗ បរាជ័យ។ សម្តេចក្រហោម មានប្រសាសន៍ដូច្នោះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីប្រកាសចូលកាន់តំណែង ឯកឧត្ដម អ៊ុ រាត្រី អភិបាលថ្មីខេត្តបន្ទាយមានជ័យ និងលោក គឹង វណ្ណះ  អភិបាលរងថ្មីនៃខេត្ត ដែលមានអ្នកចូលរួមប្រមាណ១,០០០នាក់។

ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដែលត្រូវផ្ទេរ និងបញ្ចប់តំណែងបានលើកឡើងពីស្ថានភាពទូទៅ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តក្នុងអំឡុងលោកកាន់តំណែងពីខែមីនាឆ្នាំ២០១៦ ដល់ខែឧសភាឆ្នាំ២០១៩ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនប្រសើរឡើងជាបន្តទៀត  ប៉ុន្តែក៏មានបញ្ជាប្រឈមមួយចំនួនដែលអភិបាលថ្មីត្រូវបន្តដោះស្រាយ។

ប្រធាននាយករដ្ឋបុគ្គលិកក្រសួងមហាផ្ទៃបានអានព្រះរាជក្រឹត្យលេខនសរកត ៥៩៤  ចុះថ្ងៃទី៨ឧសភាឆ្នាំ២០១៩ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ តែងតាំងលោក អ៊ុ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវមកកាន់ក្រសួងមហាផ្ទៃដើម្បីទទួលភារកិច្ចថ្មី និងអនុក្រឹត្យមួយទៀតតែងតាំងអតីតឧត្តមសេនីយ៍ឯកនគរបាលជាតិ លោក គឹង វណ្ណះ មកជាអភិបាលរងខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុ រាត្រី  អភិបាលថ្មីខេត្តបន្ទាយមានជ័យ បានថ្លែងអំណគុណថ្វាយព្រះមហាក្សត្រ និងគោរពជូនសម្តេចតេជោ សម្តេចក្រឡាហោម ដែលបានផ្តល់សេចក្តីទុកចិត្ត និងតែងតាំងលោក ហើយលោកបានប្តេជ្ញាចិត្តខិតខំទ្វេឡើងក្នុងការដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានអបអរសាទរ និងណែនាំឲ្យលោកអភិបាល អភិបាលរងថ្មីខេត្តបន្ទាយមានជ័យ និងចាស់ព្រមទាំងមន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធបន្តខិតខំអនុវត្តការងារ ក៏ដូចជាផ្តល់សេវាបម្រើពលរដ្ឋ។ សម្តេចបានរំលឹក ក៏ដូចជាបញ្ជាក់នូវការប្រកាន់ខ្ជាប់គោលមាគ៌ារបស់កម្ពុជា គឺប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរដ្ឋធម្មនុញ្ញដែលចែង ហើយចងជាប់មិនឲ្យកែប្រែ ឬធ្វើវិសោធនកម្មឡើយនូវចំណុចនេះ។

ពោលគឺមាគ៌ានេះ កម្ពុជាត្រូវជ្រើសរើស និងប្រកាន់យកជាភាពចម្រុះពណ៌ដែលជាលក្ចណ:ជាពិសេសរបស់ខ្លួន សូម្បីប្រទេសជិតខាងកម្ពុជា ក៏មិនដូចយើងផង។ ប្រជាជាតិកម្ពុជា ក៏ដូចរាជរដ្ឋាកភិបាលកម្ពុជា និងគណបក្សប្រជាជនដែលកាន់អំណាច ត្រូវតែប្រកាន់ជំហរនេះ ត្រូវគោរពអនុវត្តន៍ស្របតាមពលរដ្ឋរបស់ខ្លួនចង់បាន។ គឺពលរដ្ឋកម្ពុជាយើងចង់បានការបោះឆ្នោតដែលសេរី ពហុបក្ស។ ចង់បានសប្បាយ អភិវឌ្ឍន៍ សន្តិភាព។ ដូច្នេះ  ក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកនយោបាយ យើងមិនអាចអូសទាញ ឬបង្ខំឲ្យពួកគាត់ទៅខាងបង្ហូរឈាម ទៅសង្គ្រាម ទៅរបបនយោបាយចាស់ក្នុងដានអតីតកាលបានទេ។

ប្រទេសកម្ពុជាជារបស់ពលរដ្ឋកម្ពុជាគ្រប់រូប មិនមែនជារបស់ថ្នាក់ដឹកនាំប៉ុន្មាននាក់ហ្នឹងទេ យើងត្រូវស្តាប់ និងគោរពពួកគាត់។ មិនអាចធ្វើបដិវត្តន៍ពណ៌ណាផ្លាស់ប្តូររបបដូចបច្ចុប្បន្នរបស់កម្ពុជាឡើយ ព្រោះការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដោយគណបក្សប្រឆាំងកាលពីឆ្នាំ២០១៣នោះ ក៏បរាជ័យ។ គ្មានពលរដ្ឋ គ្មានកងកម្លាំងណាគាំទ្រទេ។ កម្ពុជាមានពណ៌ចម្រុះហើយ កុំបាច់លាបពណ៌ ធ្វើបដិវត្តន៍ពណ៌អីទៀត។ ទោះជាយ៉ាងណាសម្តេចក្រឡាហោម បានបញ្ជាក់ថា ដើម្បីឲ្យប្រជាធិបតេយ្យចាក់ឬសរឹងមាំ យើងត្រូវពង្រឹង ហើយត្រូវការពេលវេលាសមស្របបន្តទៀត៕ធ.ដ

ដោយៈ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner