គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ
ភ្នំពេញ៖ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានបើកកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈនិងជាប្រធាន គ.វ.ជ.។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។

កិច្ចប្រជុំទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុស ហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀកកាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋគ្រប់ៗរូប។គណៈកម្មការបានពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ២០២៦។
សូមជម្រាបថា ក្នុងពេលនេះកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក៏កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥ផងដែរ។ឆ្នាំនេះគោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖ សាលាបឋមសិក្សា និងអនុវិទ្យាល័យ៕
ដោយ៖ង៉ាន់ ទិត្យ
