ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបនិងសប្បុរសជនប្រគល់ម៉ូតូជូនដល់វីរកងទ័ពចំនួនបីរូបដែលកំពុងឈរ ជើងការពារទឹកដី

សៀមរាប​៖នៅវិហារឥស្លាមអាន់នៀកម៉ាស់ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិង ជាអនុប្រធាន​សាសនា​ឥស្លាមខេត្តរួមជាមួយសប្បុរសជនខ្មែរឥស្លាមបានប្រគល់ម៉ូតូថ្មីចំនួនបីគ្រឿង,ស្បៀងអាហាររួមជាមួយថវិកា មួយ​ចំនួនជូនវីរកងទ័ពខ្មែរឥស្លាមចំនួនបីរូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដីព្រំដែនកម្ពុជា-ថៃ ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អែល សៀត បានបញ្ជាក់ថា ម៉ូតូចំនួន​បី​គ្រឿងដែលប្រគល់ជូន​កងទ័ព​ខ្មែរ​ឥស្លាមនាពេលនេះគឺ​បានមក​ពីសប្បុរសជនខ្មែរឥស្លាមឈ្មោះ ហាជី ម៉ាត់ កូប និងក្រុមគ្រួសាររស់​នៅ​ភូមិស្ទឹងថ្មី ដែលមានបេះដូងខ្មែរ ស្រលាញ់ខ្មែរក្នុងជាតិសាសន៍តែមួយ និងដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើង​ការពារបូរណភាពទឹកដីផងដែរ ។

ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ឯកឧត្តម អែល សៀត ក៏បានថ្លែងអំណរគុណដល់លោក ហាជី ម៉ាត់កូប និងក្រុមគ្រួសារព្រមទាំង​សប្បុរសជនខ្មែរឥស្លាមទាំងអស់ដែលមានស្មារតីស្រលាញ់ជាតិ ដោយបាន​ចូលរួម​​ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគនិងថវិកាដើម្បីគាំទ្រដល់សមរភូមិ​ជួរ​មុខ ដោយទឹកចិត្តស្មោះសរ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner