អ៊ីស្រាអែលផ្តើមវាយសង្ក្រុបលើ Gaza ពេញលេញ
ហ្ស៊េរុយសាឡិម ៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រកាស កាលពីថ្ងៃទី២០ ខែសីហាថា ទាហានរបស់ខ្លួនបានចាប់ផ្តើមប្រតិបត្តិការ វាយសង្ក្រុបពេញេលេញ នៅក្នុងតំបន់ហ្គាហ្សា ហើយ។
ក្នុងពេលប្រកាសរបស់ លោក Effie Defrin ប្រតិបត្តិការដើម្បីដណ្តើមយកទីក្រុង Gaza ទាំងស្រុង ដែលជាក្រុងធំបំផុត របស់តំបន់ Gaza Strip កំពុងដំណើរការរួចហើយ។ លោក Defrin បាននិយាយ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថា «យើងមិនរង់ចាំទេ យើងបានចាប់ផ្តើមប្រតិបត្តិការបឋម និង ដំណាក់កាលដំបូង នៃការវាយប្រហារលើទីក្រុង Gaza ហើយកងកម្លាំង IDF ដែលសំដៅលើទាហានអ៊ីស្រាអែល កំពុងកាន់កាប់ជាយក្រុង Gaza រួចហើយ»។
ជាមួយគ្នានេះ វីដេអូ ដែលចេញផ្សាយ ដោយកងទ័ពអ៊ីស្រាអែល បានបង្ហាញពីអ្វីដែលខ្លួននិយាយថា ទាហាន IDF កំពុងធ្វើប្រតិបត្តិការ ពេញលេញ នៅតំបន់ Gaza Strip។
គួររម្លឹកថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានអនុម័តផែនការមួយ សម្រាប់ការដណ្តើមយកទីក្រុង Gaza ហើយ បានអនុញ្ញាតឱ្យមានការកោះហៅទាហានបម្រុង ប្រហែល៦ម៉ឺននាក់ ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ ខណៈដែលអ្នកសម្របសម្រួល ជំរុញឱ្យមានបទឈប់បាញ់ រវាងភាគីទាំងពីរ។
ក្នុងសង្គ្រាមសងសឹក របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ជិត២ឆ្នាំ មកនេះ ជនជាតិប៉ាឡេស្ទីន ប្រមាណ៦ម៉ឺននាក់ ត្រូវបានសម្លាប់។ អ៊ីស្រាអែលវាយលុកនៅទីនោះ ទុកជាការឆ្លើយតបរបស់ពួកហាម៉ា់ស់ ដែលបានវាយប្រហារដ៏ភ្ញាល់ផ្អើល លើតំបន់ភាគខាងត្បូង ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


