ខែក្រោយ ចិនបញ្ចេញសាច់ដុំយោធា និងអាវុធទំនើបៗក្នុងខួបជ័យជម្នះសង្រ្គាមលោកលើកទី ២
ប៉េកាំង ៖ ប្រទេសចិនមានផែនការធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយនៅខែក្រោយនេះ ដោយមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ និងសព្វាវុធទំនើបៗមិនធ្លាប់មាន នៅចំកណ្តាលរដ្ឋធានីប៉េកាំង ដែលជាបេះដូងរបស់ប្រទេសចិន ដើម្បីរំលឹកខួប៨០ឆ្នាំចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ ក្រោយការចុះចាញ់របស់ជប៉ុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
មន្ត្រីយោធាចិនបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងរាប់រយ រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ក៏ដូចជាសម្ភារៈសឹកសង្គ្រាមថ្មើរជើង ដែលខ្លះមិនធ្លាប់ត្រូវមើលឃើញជាសាធារណៈពីមុនមក ក៏នឹងត្រូវដាក់បង្ហាញនៅក្នុងក្បួនដង្ហែនោះផងដែរ។
ក្បួនដង្ហែរនៅថ្ងៃទី៣ ខែកញ្ញាខាងមុខ គឺជាព្យុហយាត្រាយោធាទ្រង់ទ្រាយធំបំផុតលើកទីពីរ ចាប់តាំងពីឆ្នាំ២០១៥មក ដែលរៀបចំឡើងដើម្បីប្រាព្ធទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទីពីរឆ្នាំ១៩៤៥ នឹងក្លាយជាទីលានបង្ហាញសាច់ដុំយោធារបស់ចិនទៅកាន់ពិភពលោក ខណៈប្រទេសជិតខាង និងប្រទេសលោកខាងលិចមួយចំនួន កំពុងចោលភ្នែកសម្លឹងមើលដោយក្តីបារម្ភ ដោយសារការកើនឡើងឥទ្ធិពល នៃកម្លាំងកងទ័ពរំដោះប្រជាជនចិនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
រាប់ចាប់ពីយានជំនិះដឹកទំនិញបំពាក់ឧបករណ៍យោធា រហូតដល់យន្តហោះដ្រូន រថក្រោះស៊េរីថ្មី និងយន្តហោះឱ្យសញ្ញាព្រមានជាមុនដើម្បីការពារនាវាផ្ទុកយន្តហោះរបស់ចិន, ក្រុមអនុព័ន្ធយោធា និងអ្នកវិភាគសន្តិសុខបាននិយាយថា ពួកគេកំពុងរំពឹងថា ប្រទេសចិននឹងបើកបង្ហាញសព្វាវុធ រួមទាំងគ្រឿងសព្វាវុធយោធាថ្មីៗជាច្រើនទៀតនៅក្នុងក្បួនដង្ហែដ៏ធំសម្បើមនេះ។
លើសពីនេះ ប្រទេសចិន ក៏ត្រូវបានគេរំពឹងដែរថា នឹងបង្ហាញឈុតមីស៊ីលដែលកំពុងធ្វើទំនើបកម្មរបស់ខ្លួន ពិសេសមីស៊ីលប្រឆាំងនាវា និងមីស៊ីលលឿនជាងសំលេងជាដើម ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រៀមខ្លួនទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ក្នុងករណីផ្ទុះជម្លោះណាមួយក្នុងតំបន់នាពេលអនាគត៕
ប្រភព ៖ Channel News Asia ប្រែសម្រួល ៖ ឈឹម ទីណា
