ថៃផ្ទុះគ្រាប់បែកជាថ្មីទៀត នៅភាគខាងត្បូង

បាងកក ៖ ថៃបន្តកើតហេតុការណ៍ផ្ទុះគ្រាប់បែក នៅភាគខាងត្បូងប្រទេស ជាថ្មីទៀត កាលពីថ្ងៃទី២០ ខែសីហា ខណៈដែល ចំនួនអ្នកស្លាប់ បានកើនដល់ប្រមាណ ៦ពាន់នាក់ ក្នុងអំពើបះបោរ ជាង២០ឆ្នាំមកនេះ។

ជាក់ស្តែង កាលពីយប់ថ្ងៃអង្គារ មានករណីគ្រាប់បែក ក្នុងរថយន្តមួយគ្រឿង បានផ្ទុះឡើងនៅមូលដ្ឋានសន្តិសុខមូលដ្ឋានមួយ ក្នុងខេត្ត Narathiwat ភាគខាងត្បូងជ្រៅ បណ្តាលឲ្យមនុស្ស បីនាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើង នៅម៉ោង ៨:១៥ យប់ នៅមូលដ្ឋានកងការពារជាប់ស្ថានីយប្រេងឥន្ធនៈ មួយកន្លែង។ មានការបើករថយន្ត បុកផ្ទាល់លេណដ្ឋានរបស់មូលដ្ឋាន មុនពេលឡានបានផ្ទុះ។

មន្ត្រីជាង ១០ នាក់ ដែលប្រចាំការនៅមូលដ្ឋានបានបាញ់តបត ទៅលើជនវាយប្រហារភ្លាមៗ ប៉ុន្តែជននោះបានរត់គេចខ្លួនបាត់។

ប្រទេសថៃ បានអះអាងថា មនុស្សស្លាប់បាត់បង់ជីវិត ជិត៦០០០នាក់ ក្នុងអំពើហិង្សា នៅភាគខាងត្បូង រយៈពេល២២ឆ្នាំ កន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់បានព្រមានថា ភាពចលាចល នៅព្រំដែនភាគខាងត្បូង នៅតែបន្តកើតមាន បើទោះបីជារដ្ឋាភិបាលបានអំពាវនាវឱ្យមានសន្តិភាព និងការសន្ទនាដើម្បីបញ្ចប់អំពើហិង្សា ក៏ដោយ។

យោងតាមស្ថិតិ បី ភាគី ដែលបានផ្ទៀងផ្ទាត់សម្រាប់ខេត្តព្រំដែន ភាគខាងត្បូង បានឲ្យដឹងថា នៅចន្លោះពីឆ្នាំ ២០០៤ ដល់ ២០២៥ មានអំពើហិង្សា កើតឡើង ចំនួនជាង ១ម៉ឺនលើក។ ក្នុងនោះដែរ ក្រៅពីស្លាប់មនុស្ស ប្រមាណ ៦ពាន់នាក់ នៅមានមនុស្សរងរបួសធ្ងន់ ស្រាល ចន្លោះពី ១ម៉ឺន៤ពាន់នាក់ ទៅ ១ម៉ឺន៦ពាន់នាក់ ផ្សេងទៀត ផងដែរ៕

ប្រភព៖ ខៅសត់ , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner