អាមេរិកចោទឥណ្ឌា ថា ឆ្លៀតឱកាស កេងចំណេញលើប្រេងរុស្ស៊ី អំឡុងសង្គ្រាម
វ៉ាស៊ីងតោន ៖ លោក Scott Bessent រដ្ឋមន្ត្រីការហិរញ្ញវត្ថុអាមេរិក កាលពីថ្ងៃទី១៩ ខែសីហា បានថ្លែងចោទប្រកាន់ចំៗ លើឥណ្ឌា ថា ជាប្រទេសឆ្លៀតឱកាស កេងចំណេញ លើប្រេងរុស្ស៊ី អំឡុងពេលមានសង្គ្រាម ជាមួយនឹងប្រទេសអ៊ុយក្រែន។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា ការឆ្លៀតកេងចំណេញ របស់រដ្ឋាភិបាលក្រុង ញូវ ដែលី នេះ គឺ ធ្វើឡើង តាមរយៈការសម្រុកបញ្ជាទិញប្រេង ដែលមានតម្លៃថោកៗ ពីរុស្ស៊ី ចំពេលមានសង្គ្រាម ហើយ យកទៅលក់ចែកចាយបន្ត ធ្វើជាផលិតផល របស់ខ្លួន។
លោក Scott Bessent បានអះអាង រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន មិនអាចទទួលបានទេ ចំពោះទង្វើរបស់ឥណ្ឌា បែបនេះ។ លោក រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានលើកឡើងថា មុនពេលមានសង្គ្រាម ឥណ្ឌាបាននាំចូល មិនដល់១ភាគរយ ពីរុស្ស៊ី តែឥលូវនេះ បានកើនដល់ ៤២ភាគរយ។ លោកថែមទាំង បានថ្លែងការពារ ប្រទេសចិន ថា ធ្វើខុសស្រឡះពីប្រទេសឥណ្ឌា ក្នុងនោះ ចិនបង្កើនការនាំចូលប្រេងរុស្ស៊ី បន្តិចបន្តួចប៉ុណ្ណោះ ពោលកើន ពី ១៣ ដល់ ១៦ ភាគរយ។
យ៉ាងណា ការចោទប្រកាន់លើឥណ្ឌាបែបនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានប្រកាស ដាក់ពន្ធបន្ថែម ២៥ ភាគរយ លើទំនិញឥណ្ឌា ព្រោះការទិញប្រេងពីរុស្សី ជាហេតុនាំឱ្យពន្ធបន្ថែមសរុប លើការនាំទំនិញនាំចូលរបស់ឥណ្ឌា កើនដល់ ៥០ភាគរយ។ លោក Trump បានចាត់ ទុកការបង្កើនពន្ធនេះ ជាការដាក់សម្ពាធ លើប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។
ក្នុងការចរចាពន្ធគយដ៏តានតឹង រវាងប្រទេសទាំងពីរ អ្នកចរចាពាណិជ្ជកម្មអាមេរិក ទើបបានប្រកាស លុបចោលភ្លាមៗ នៃដំណើរទស្សនកិច្ចនៅទីក្រុង New Delhi ដែលធ្លាប់គ្រោងថា ត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៩ ខែសីហា៕
ប្រភពពី CNA, ប្រែសម្រួល៖ សារ៉ាត
