កោះតៃវ៉ាន់បង្កើនកញ្ចប់ថវិកាការពារជាតិជាង ៣ ភាគរយ និងទិញយន្តហោះដ្រូន ៥ម៉ឺនគ្រឿង

តៃប៉ិ ៖ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់ លោក Cho Jung-tai នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រដ្ឋាភិបាលកោះតៃវ៉ាន់បានសម្រេចបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៦ ច្រើនជាង ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ហើយគ្រោងនឹងបញ្ជាទិញយន្តហោះដ្រូនចំនួន ៥០.០០០គ្រឿងក្នុងពេលពីរឆ្នាំទៀត។

លោកនាយករដ្ឋមន្ត្រី Jung-tai បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបង្កើនកញ្ចប់ថវិការការពារជាតិនេះ គឺជាការបង្ហាញសាច់ដុំយោធាមួយផ្សេងទៀតទៅកាន់ពិភពលោក ហើយក៏សបញ្ជាក់អំពីការតាំងចិត្ត និងសមត្ថភាពរបស់ប្រជាជនតៃវ៉ាន់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខ ព្រមទាំងស្ថិរភាព និងសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពិសេសការទទួលខុសត្រូវរួមគ្នារបស់កោះតៃវ៉ាន់ជាមួយពិភពលោក។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា កោះតៃវ៉ាន់គ្រោងបញ្ជាទិញយន្តហោះដ្រូនជិត ៥០.០០០គ្រឿងក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ស្របពេលដែលកោះនេះព្យាយាមពង្រឹងសមត្ថភាពប្រយុទ្ធ ប្រឆាំងនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលយោធារបស់កោះនេះរៀបចំចាត់ថ្នាក់យានជំនិះគ្មានមនុស្សបើក (UAVs) ជាគ្រឿងប្រើប្រាស់ដើម្បីពន្លឿនលទ្ធកម្ម ដែលជាគោលនយោបាយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនាពេលថ្មីៗនេះដោយសហរដ្ឋអាមេរិក។

ផ្អែកតាមប្រភពពីការិយាល័យអាវុធរបស់ក្រសួងការពារជាតិកោះតៃវ៉ាន់, កោះនេះគ្រោងនឹងបញ្ជាទិញយន្តហោះដ្រូនចំនួន ១១.២៧០គ្រឿងនៅឆ្នាំ២០២៦ និង ៣៧.៤៨០គ្រឿងនៅឆ្នាំ២០២៧ ក្នុងនោះមានយន្តហោះដ្រូនចំនួន ៥ប្រភេទផ្សេងគ្នា៕

ប្រភព ៖ AFP និង South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner