សហគមន៍ភ្នំព្រះ ជាតំបន់ទេសចរណ៍ផ្សងព្រេងឡើងភ្នំបោះតង់ សម្រាកលើកំពូលភ្នំជាមួយខ្យល់អាកាសបរិសុទ្ធ ប្រៀបដូចទីឋានសួគ៌

(ពោធិ៍សាត់)៖ ភ្នំខ្នងព្រះជាតំបន់ទេសចរណ៍ថ្មីមួយសម្រាប់ភ្ញៀវទេសចរបែបផ្សងព្រេង ឡើងភ្នំ មើលទេសភាព មើលផ្កាព្រៃ មើលសត្វព្រៃ បោះតង់លើកំពូលភ្នំដ៏ខ្ពស់ និងអាកាសធាតុត្រជាក់គួរជាទីមនោរម្យ។

ភ្នំខ្នងព្រះ ឬ អ្នកស្រុកហៅត្រឹមតែថាភ្នំព្រះ ដោយសារតែប្រជាពលរដ្ឋអ្នកស្រុកបានហៅតៗគ្នា ព្រោះសម្គាល់ទៅលើសណ្ឋានជួរភ្នំដែលមានរាងដូចព្រះពុទ្ធនិព្វាន កាលបើគេមើលពីខាងក្រោមភ្នំទៅ។

តំបន់ទេសចរណ៍ដ៏បរិសុទ្ធ ប្រៀបដូចទីឋានសួគ៌ធម្មជាតិនេះមានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ទីកន្លែងទេសចរណ៍ធម្មជាតិបរិសុទ្ធនេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំមកប្រាក់ចំណូល ប្រជាសហគមន៍ និង ចូលរួមកិច្ចការពារព្រៃឈើ ការពារសត្វព្រៃឱ្យគង់វង្ស។

កាលបើអ្នកទេសចរធ្វើដំណើរទៅកាន់លើភ្នំខ្នងភ្នំ ត្រូវដើរថ្មើរជើង ប្រមាណ ៨គីឡូម៉ែត្រ ដោយចាំបាច់ត្រូវដើរឆ្លងកាត់ព្រៃព្រឹក្សា និង ឡើងចុះចំណោតភ្នំជាច្រើនកន្លែង។ អ្នកទេសចរម្នាក់ៗចាំបាច់ណាស់ត្រូវឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល ប្រតោងខ្សែឡើងចំណោត ចុះចំណោត ព្រៃឈើក្រាស់ៗថែមទៀត ។ តាមដងផ្លូវដ៏វែងឆ្ងាយដោយប្រើពេលចាប់ពី ៥ម៉ោងទៅ ៨ម៉ោង តាមដំណើរលឿនឬយឺតទើបគេឡើងទៅដល់កំពូលភ្នំ ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះបានឱ្យដឹងថា ភ្នំខ្នងព្រះមានអាកាសធាតុត្រជាក់ផ្តល់សេចក្តីសុខដល់អ្នកទេសចរ ។ នៅលើភ្នំពោរពេញទៅដោយផ្កាព្រៃចាប់តាំងតែពីជើងភ្នំរហូតដល់កំពូលភ្នំ។ ក្រៅពីនេះក៏មានសត្វព្រៃសម្រាប់ទស្សនាទៀតផងក្នុងនេះដូចជាពេលយប់មើលសត្វមក រកចំណីដូចជា សត្វប្រមោញ និងសត្វខ្ទីន ដែលជាសត្វកម្រដោយទស្សនាផ្ទាល់ភ្នែកថែមទៀត ។ បន្ថែមលើនោះពេលព្រឹកយើងអាចគយគន់ថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង និង ពេលល្ងាច យើងអាចគយគន់ថ្ងៃរៀបលិច ជះពន្លឺចូលសមុទ្រ ព្រំដែនខ្មែរថៃយ៉ាងស្រស់ស្អាត។ ជាពិសេសពេលរាត្រីអ្នកទេសចរនឹងបានសម្រាកនៅក្នុងតង់ដែលមានសីតុណ្ហភាពចន្លោះ ១០ទៅ ១៥អង្សារ។ លើសពីនេះក្នុងពេលរាត្រីទៀតសោត អ្នកទេសចរអាចបរិភោគជាមួយអាហារសហគមន៍ ក្នុងនេះមានដូចជាសម្ល ស្លឹកម្ជូរល្មម ដែលជាសម្លប្រចាំត្រកូលរបស់សហគមន៍ អ្នកទេសចរ អាំងសាច់ ដុតដំឡូង អាំងពោតជាដើម។

គួរបញ្ជាក់ថា ភ្នំព្រះមានភាពទាក់ទាញជាច្រើនដែលភ្ញៀវទេសចរអាច ថតទេសភាព ព្រៃព្រឹក្សា ផ្កាកេសរកូល សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងដើមផ្កាដែលជារុក្ខជាតិប្លែកៗធម្មជាតិយ៉ាងច្រើនសម្រាប់ទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនប្រភេទណាស់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner