ឥណ្ឌាចាយ ៧,៦ ពាន់លានដុល្លារទិញយន្តហោះចម្បាំងផលិតក្នុងស្រុក
ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ មានតម្លៃ ៧.៦ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងចំនួន ៩៧គ្រឿង ដែលជាយន្តហោះផលិតក្នុងស្រុកផ្ទាល់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ANI កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិឥណ្ឌា។
យន្តហោះចម្បាំងធុនស្រាល Tejas Mark 1A នឹងត្រូវផលិតដោយ Hindustan Aeronautics Ltd (HAL) ដែលក្រុមហ៊ុនរដ្ឋផលិតយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ ម៉ាស៊ីនយន្តហោះ និងឧបករណ៍ផ្នែកអាកាសចរណ៍។
ការបញ្ជាទិញយន្តហោះចម្បាំងនេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាពកងទ័ពអាកាសឥណ្ឌា (IAF) តាមរយៈការជំនួសកងយន្តហោះចម្បាំងសេរីចាស់របស់ខ្លួន គឺ MiG-21s ដែលគ្រោងនឹងចូលនិវត្តន៍ជាដំណាក់កាលនៅក្នុងសប្តាហ៍ខាងមុខនេះ។
យោងតាមគេហទំព័រសារព័ត៌មាន NDTV, ការបញ្ជាទិញយន្តហោះចម្បាំងចុងក្រោយនេះ គឺជាលើកដំបូងក្នុងរយៈពេលជិត ៥ឆ្នាំ ហើយច្រើនជាង ៦៥ភាគរយនៃគ្រឿងបង្គុំយន្តហោះថ្មីទាំងនោះ ឥណ្ឌាគ្រោងនឹងផលិតនៅក្នុងប្រទេសខ្លួនផ្ទាល់។
ហើយការបញ្ជាទិញយន្តហោះចម្បាំង Tejas នេះទៀតសោត ត្រូវបានគេមើលឃើញថា ជាការជំរុញដល់គំនិតផ្តួចផ្តើម “Make in India” របស់រដ្ឋាភិបាលទីក្រុងញូវដែលី។ ឥណ្ឌាកំពុងបង្កើនការទិញឧបករណ៍យោធាការពារជាតិរបស់ ខ្លួននៅឆ្នាំ២០២៥នេះ។
តួយ៉ាង កាលពីខែឧសភា ឥណ្ឌាបានអនុម័តទឹកប្រាក់ទំហំ ១៧៥លានដុល្លារសម្រាប់ការអភិវឌ្ឍយន្តហោះប្រយុទ្ធមធ្យមកម្រិតខ្ពស់ (AMCA)។ យន្តហោះចម្បាំងបំបាំងកាយពហុតួនាទីនេះ នឹងត្រូវប្រើប្រាស់ដោយកងទ័ពអាកាស និងកងទ័ពជើងទឹកឥណ្ឌា៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា