ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត សំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាន និងគ្រូប្រចាំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ទាំង ១៨ វិទ្យាល័យ នៅខេត្តតាកែវ តាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញជួបសំណេះសំណាលជាមួយមេឃុំ នាយកវិទ្យាល័យ ប្រធាននិងគ្រូប្រចាំ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ទាំង១៨ វិទ្យាល័យនៅខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអនុវត្តគម្រោង ម.ប.ស. របស់ ក.ប.ទ. និងលោកអគ្គនាយកប្រៃសណីយ៍កម្ពុជា សរុបប្រមាណ ១៥០នាក់ ចូលរួមដោយផ្ទាល់នៅទីស្តីការ ក.ប.ទ. និងតាមប្រព័ន្ធអនឡាញ ។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ត្រូវបានកសាងឡើងដើម្បីរួមចំណែកគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថលក្នុងសហគមន៍ ដែលមានមុខងារស្នូលចំនួន ៤ គឺ៖ (១) បន្ទប់កុំព្យូទ័រ (២) បន្ទប់បណ្តុះបណ្តាល (៣) ប៉ុស្តិ៍ប្រៃសណីយ៍ និង (៤) សាលសាធារណៈ ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីតួនាទីរបស់ ម.ប.ស. ក្នុងការបំពេញបន្ថែមលើការអប់រំផ្នែកបច្ចេកវិទ្យាឌីជីថលទៅកាន់សិស្សានុសិស្សនៅតាមវិទ្យាល័យទាំងអស់ ដោយសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការចាប់យកឌីជីថលនៅក្នុងសហគមន៍ រួមមាន ការពង្រឹងអាជីវកម្មតាមប្រព័ន្ធឌីជីថល ការចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្រិតសាកលវិទ្យាល័យ ការប្រើប្រាស់ជំនាញឌីជីថលក្នុងការងារផ្សេងៗជាដើម ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វឌ្ឍនា បានលើកឡើងថា សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមសហគមន៍ដែលមាន ម.ប.ស. នឹងមានឱកាសទទួលបានការអប់រំលើចំណេះដឹងទូទៅ ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញឌីជីថលចាំបាច់ តាម Live Teaching ពីរាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនិងការងារសំខាន់ៗ រួមមាន ការតាមដានចំនួនសិស្សានុសិស្សដែលប្រលងជាប់ និងចំនួនដែលទទួលបាននិទ្ទេស A, B ឬ C មុននិងក្រោយមាន ម.ប.ស. ការប្រើប្រាស់មុខងាររបស់ ម.ប.ស. ឱ្យបានត្រឹមត្រូវពេញលេញ ការបណ្ដុះបណ្ដាលវគ្គខ្លីរយៈពេល ៦ខែ លើជំនាញឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថល ការផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកឌីជីថលចំនួន ៥០០កន្លែងសម្រាប់សិស្សានុសិស្សដែលប្រលងបាននិទ្ទេស A, B ឬ C និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលដែលផ្ដល់កម្ចីសិក្សាមិនមានការប្រាក់លើការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបជូនផងដែរថា ការបង្កើត ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺបញ្ជាក់អំពីចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍវិស័យឌីជីថល ដើម្បីបម្រើដល់ការអប់រំទំនើប និងអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅក្នុងមូលដ្ឋាន ទាំងក្នុងវិស័យសាធារណៈ និង ឯកជនដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើននៅក្នុងសហគមន៍។ ក្នុងន័យនេះ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នឹងអាចចូលរួមក្នុងការងារតាមជំនាញ និងរៀនអំពីបច្ចេកវិទ្យាឌីជីថលដូចជា បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ធុរកិច្ចថ្មីឌីជីថល បុស្ដិ៍ប្រៃសណីយ៍ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner