សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃឯករាជ្យជាតិវៀតណាម កាលពី ៨០​ឆ្នាំ​មុន ជា​កម្លាំង​ជំរុញដល់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ងើបឈរតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ ងើបឈរឡើងតស៊ូ ដើម្បីឯករាជ្យពីអាណានិគមនិយម ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។

ក្នុងពិធីអបអរសាទរនេះ ឯកឧត្តម ង្វៀន មីញវ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួម ជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំ នៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយ នៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លាហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធ ដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម ។

សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះ មិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការទទួលបានកំណើនសេដ្ឋកិច្ច ជាង ៧ភាគរយ ក្នុងឆ្នាំ២០២៤។

សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការ ជាប្រមុខ​ដឹក​នាំ រដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖

ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម និង ទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ ៕

អត្ថបទ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner