សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ជាមួយវៀតណាម ឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ
(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយ ស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដែលបាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត ដោយឈរលើស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ។

សម្តេចតេជោ រំលេចថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៦៧ ។ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងជាផ្លូវការមក ប្រជាជនកម្ពុជា និងប្រជាជនវៀតណាម រក្សាបានទំនាក់ទំនងមិត្តភាពកក់ក្តៅ និងភាពជាដៃគូដ៏ល្អប្រសើរ។ ប្រពៃណីនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្របពេល ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ប្រទេសទាំងពីរ នៅតែចងចាំជានិច្ចនូវការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងអតីតកាល គឺក្នុងគ្រាប្រជាជនកម្ពុជា បានលះបង់ និងគាំទ្រវៀតណាម ក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និងឯករាជ្យរបស់វៀតណាម និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការផ្តួលរំលំ និងជួយរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ជួយទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ និងជួយកម្ពុជា កសាងប្រទេសឡើងវិញ ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចប្រែក្រឡាស់បានឡើយ ។

សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងកម្ពុជា-វៀតណាម ដែលបានកសាងឡើងឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក បានផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាពនៅក្នុងតំបន់ ៕
អត្ថបទ ៖ វណ្ណលុក
រូប ៖ សួង ពិសិដ្ឋ


