មន្រ្តីជាន់ខ្ពស់កម្ពុជា-មីយ៉ាន់ម៉ា បញ្ជាក់ពីកិច្ចសហការប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានលេខាធិការ​ដ្ឋាន​គណៈកម្មការចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)បានអនុញ្ញាតឱ្យឯកឧត្តម ច សូ មីន (Kyaw Soe Min)ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងសហការីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនឯកឧត្តម​ឯកអគ្គរដ្ឋទូតថា គណៈកម្មការចំពោះកិច្ច គ.ប.ឆ.ប. ដែលដឹកនាំដោយ​សម្តេចធិបតីនាយករដ្ឋមន្រ្តីផ្ទាល់មានភាពចាំបាច់ចំពោះមុខ និងយូរ​អង្វែង​ទៅមុខ។រាជ​រដ្ឋា​ភិបាលបានបង្កើតគណៈកម្មការចំពោះកិច្ចនេះ​ជាយន្តការបន្ថែម និងជាការបន្ថែមកម្លាំងកម្រិតថ្នាក់ជាតិដើម្បីចង្អុល តម្រង់ទិសដល់ថ្នាក់ក្រោមជាតិដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាប្រតិបត្តិករផ្ទាល់។

ឯកឧត្តមសន្តិបណ្ឌិតបានបន្ថែមថា គ.ប.ឆ.ប. បាននិងកំពុងបង្កើនកិច្ច​សហ​ប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បី​ប្រយុទ្ធប្រឆាំងនិងបោសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តម​ក៏បាន​សំណូមពរដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតផ្តល់កិច្ចសហ​ប្រតិ​បត្តិការលើការប្រយុទ្ធប្រឆាំង និងបោសសម្អាត Online Scams តាមរយៈ​ការជួយទប់ស្កាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធ Online Scams ចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមុខសញ្ញា​ប្រព្រឹត្ត​បទល្មើស Online Scams និងបន្តទទួលយកពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវបានឃាត់ខ្លួនក្នុង​ប្រតិបត្តិការត្រលប់ទៅមីយ៉ាន់ម៉ា ដើម្បីបន្តការសាកសួរស៊ើបអង្កេត និងចែករំលែកមក គ.ប.ឆ.ប វិញ។

ក្នុងឱកាសនេះឯកឧត្តម ច សូ មីន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា​ដែលបានរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាគម្រូសម្រាប់​ប្រទេសដទៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការ​កោតសរសើរ​ចំពោះការប្តេជ្ញាចិត្តខ្ពស់​របស់រាជរដ្ឋាភិបាលកម្ពុជាលើការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអនុវត្ត​វិធាន​ការ​ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកម្ពុជា​សម្រេចបានផ្តល់ជាប្រយោជន៍ដល់ស្ថិរភាពរបស់កម្ពុជា និងក្នុងតំបន់។

ទន្ទឹមនេះឯកឧត្តមក៏បានបញ្ជាក់ថា តាមរយៈជំនួបនេះឯកឧត្តម ទទួល​បាននូវបទពិសោធន៍ល្អៗរបស់​កម្ពុជាក្នុងការ​ប្រយុទ្ធប្រឆាំង និងបោស​សម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បានគូសបញ្ជាក់​អំពីការ​តាំងចិត្ត​របស់​រដ្ឋាភិបាលមីយ៉ាន់ម៉ាលើការបង្រ្កាបការឆ​បោកតាម​ប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ដូចជាចែករំលែកបទពិសោធន៍ និងលទ្ធផល​នៃយុទ្ធនាការបង្រ្កាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមក ផងដែរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះជំនួបនេះ ដែលនឹងនាំមកនូវកិច្ចសហ​ប្រតិបត្តិការមួយដ៏ល្អប្រសើរទាំងក្នុងបច្ចុប្បន្ន និងអនាគតធ្វើយ៉ាងណា​ដើម្បី​ស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានដល់ឫសគល់ កាត់បន្ថយជាអតិបរិមា និងធ្វើឱ្យស្ថានភាព ទូទៅរបស់បណ្តាប្រទេសពាក់ព័ន្ធបានធូរស្រាល ព្រមទាំងរួមចំណែករក្សាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner