សម្តេចតេជោ ហ៊ុន សែន ៖ នៅឆ្នាំ២០២៤ វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈនៅឆ្នាំ២០២៤ វៀតណាម ជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ថ្លែងដូច្នេះក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ។

សម្តេចតេជោ បង្ហាញសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយនៅឆ្នាំ២០២៤ វៀតណាម គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ របស់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង ១៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ។

សម្តេចតេជោ បានបន្តថា ស្របតាមនិន្នាការកំណើនជាលំដាប់នេះ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបាន គោលដៅ ២០ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ វៀតណាម ឈរនៅលំដាប់ទី៥ នៃការវិនិយោគបរទេសនៅកម្ពុជា ហើយលំដាប់ទី២ បន្ទាប់ពីប្រទេសសិង្ហបុរី ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ។

សម្ដចបន្ថែមថា ចំនួនទេសចរវៀតណាម មកកម្ពុជា បានកើនឡើងជិត ៣២ភាគរយ ឈរនៅលំដាប់ទី២។ មកដល់ពេលនេះ កម្ពុជា និងវៀតណាម មានជើងហោះហើរត្រង់ សរុប ១០០ជើង ក្នុងមួយសប្ដាហ៍ ប្រតិបត្តិការដោយក្រុម ហ៊ុនអាកាសចរណ៍វៀតណាមចំនួន២ និងកម្ពុជាចំនួន២ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការកត់សម្គាល់ ដោយពេញចិត្តផងដែរ ចំពោះការប្ដេជ្ញារបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យគន្លឹះមួយចំនួនរួមមាន៖ ការពារជាតិ និងសន្តិសុខ អប់រំ សុខាភិបាល ថាមពល ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

បន្ថែមពីលើនោះ កម្ពុជា និង វៀតណាម បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងក្របខ័ណ្ឌអនុតំបន់ផ្សេងទៀត ដែលមិនត្រឹមតែបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ
