ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

(ភ្នំពេញ)៖ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំងប្រចាំកម្ពុជា បានថ្វាយសារតាំងដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។ ការថ្វាយសារតាំង ដែលចុះហត្ថលេខាដោយប្រធានាធិបតីបារាំង ដល់ព្រះមហាក្សត្រខ្មែរជាផ្លូវការនេះ គឺនៅបន្ទាប់ពីលោក អូលីវីយេ រីឆា ត្រូវបានតែងតាំងលោកជាឯកអគ្គរដ្ឋទូតថ្មី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ និងក៏ជាការបង្ហាញថា ជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មការទូតរបស់លោក ជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំប្រទេសកម្ពុជា បន្តកិច្ចការជំនួសលោក ហ្សាក់ ប៉ឺឡេ ដែលទើបចប់អាណត្តិការទូត កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ។

ក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតបានសម្តែងនូវភាពសប្បាយរីករាយដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា និងបានគូសបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សារតាំង គឺជាលិខិតផ្លូវការមួយ ចុះហត្ថលេខាដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង និងត្រូវថ្វាយប្រគល់ជូនព្រះប្រមុខរដ្ឋនៃរដ្ឋ ដែលស្ថានទូតខ្លួនតាំងនៅ ដែលជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់ឯកអគ្គរដ្ឋទូត ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ FB Ambassade de France au Cambodge

ads banner