ហ្វីលីពីន បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាលជាមួយ លោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំ កម្ពុជា និងសហការី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអបអរសាទរចំពោះខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា និងហ្វីលីពីន (២០ សីហា ១៩៥៧-២០ សីហា ២០២៥) ព្រមទាំងបានកត់សម្គាល់ចំពោះសកម្មភាពលោកជំទាវឯកអគ្គរដ្ឋទូត និងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលបានចូលរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរបទពិសោធ និងចែករំលែកព័ត៌មានអំពីស្ថានភាព នៃប្រព័ន្ធរដ្ឋបាលសាធារណៈ ដោយលោកជំទាវ ហ្លើរីដា អាន ខេមៀល ភី ម៉ាយូ បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងយល់បន្ថែមពីកំណែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ខណៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត ពីការដ្ឋានកែទម្រង់សំខាន់ៗ ជាពិសេសផ្តោតលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះក៏មានការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាលើការពិនិត្យលទ្ធភាព ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែចំគោលដៅបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ និងលើកកម្ពស់វិស័យមុខងារសាធារណៈនៅកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលហ្វីលីពីន និងស្ថានទូតហ្វីលីពីន ដែលភារធារីស្តីទីនៃស្ថានទូត បានចូលរួមក្នុងដំណើរទស្សនកិច្ចដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស ចុះទៅពិនិត្យទីតាំងជាក់ស្ដែង និងចុះសួរសុខទុក្ខជនភៀសសឹក ព្រមទាំងការបញ្ជូនអនុព័ន្ធយោធាហ្វីលីពីន ចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ ការរងផលប៉ះពាល់តាមបណ្ដោយព្រំដែនផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ




