ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង កម្ពុជា និងចក្រភពអង់គ្លេស នាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱកាសការងារ ការគាំពារសន្ដិសុខសង្គម និងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានកិច្ចសហការល្អជាមួយនឹងចក្រភពអង់គ្លេស។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចសហការជាមួយចក្រភពអង់គ្លេស ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតប ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ឯក ឧត្តម រដ្ឋមន្រ្តី ហើយចក្រភពអង់គ្លេសនៅបន្តរក្សាទំនាក់ទំនងល្អ និងការគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ ឯកឧត្តម ឯកអគ្គរាជទូតចក្រភពអង់គ្លេស និងសហការី ក៏បានអញ្ជើញទៅទស្សនាបន្ទប់ផ្តល់ព័ត៌មាន ២៤ម៉ោង តាមរយៈលេខទូរសព្ទ Hotline 1297 ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner