ក្រសួងការបរទេស ៖ ក្រោយបទឈប់បាញ់ ថៃនៅតែមានការរំលោភបំពានទាំង ការរាយបន្លាលួស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និង កសាងផ្លូវថ្នល់ថ្មី
(ភ្នំពេញ)៖ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជាបានថ្លែថា ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបានបញ្ជាក់ប្រាប់ដល់សមាជិកអង្គទូត និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ថា ៖ តាមការសង្កេតក្រោយបទឈប់បាញ់នេះមកមានការរំលោភបំពាន ខ្លះៗពីភាគីថៃ រួមទាំងសកម្មភាពយោធាតាមរយៈដូចជារាយ បន្លាលួស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល រួមទាំងនៅក្រៅក្របខណ្ឌនៃតំបន់ជម្លោះមួយចំនួនទៀត ក្នុងនោះដូចជា តាមបណ្តាខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងបន្ទាយមានជ័យ ។
បញ្ជាក់នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីអ្នកនាំពាក្យរងក្រសួងការបរទេស ឯកឧត្តម នង សាកល បានឱ្យដឹងថា៖ក្រៅពីមានសកម្មភាពទាំងនេះ កងទ័ពថៃ នៅបានកសាងផ្លូវថ្នល់ថ្មី ជីកលេណដ្ឋាន និង ទីជម្រកនៅតំបន់ជម្លោះ និង រួមទាំងបន្តឃុំខ្លួនកងកម្លាំងកម្ពុជាទាំង ១៨នាក់រហូតមកដល់សព្វថ្ងៃនេះ ។ សកម្មភាពទាំងនេះធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នា និងធ្វើឱ្យបទឈប់បាញ់ផុយស្រួយ ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងដែរថា ៖ កម្ពុជាបានយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាគ្នាទាំង ១៣ចំណុច និងស្មារតីនៃ MOU ឆ្នាំ២០០០ ហើយកម្ពុជាសង្ឃឹមដាភាគីថៃនឹងឆ្លើយតបដូចដែលកម្ពុជាបានធ្វើ ។
ឯកឧត្តម បានថ្លែងថា ដោយមើលឃើញពីភាពផុយស្រួយនៃជម្លោះវិវាទនេះហើយទើបកម្ពុជាបានព្រមព្រៀងបង្កើតឱ្យមានអ្នកសង្កេតការណ៍អាស៊ាន និង ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នតបតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការរួមព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៥ ។ ទាក់ទិនក្នុងរឿងនេះកម្ពុជាបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់បេសកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)។ ក្រុមអ្នកសង្កេតការណ៍ទាំងអស់សុទ្ធតែមានសារៈសំខាន់ការអនុវត្តពេញលេញនូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងដោយលើកឡើងពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានគូសបញ្ជាក់ប្រាប់ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ដែរថា ៖ កម្ពុជា និង ថៃ អាចស្រាវជ្រាវ ឬ កំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសំអាតមីនមនុស្សធម៌ជាពិសេសតំបន់ណាដែលមានមនុស្សរស់នៅ និង កន្លែងណាដែលការបោសសំអាតមីនទាំងអស់នោះបម្រើដោយផ្ទាល់ ដល់តម្រូវការសេដ្ឋកិច្ចសង្គម ការពារអាយុជីវិតដល់ជនស៊ីវិលប្រទេសទាំងពីរ និង គាំទ្រដល់ស្ថេរភាពតំបន់ផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំដើម្បីជម្រាបជូនពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេសចំនួន ៤២ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន២២ ប្រចាំនៅ កម្ពុជា៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វ៉េង លឹមហ៊ួត
