រដូវវស្សា គឺជាពេលវេលាដ៏សំខាន់ក្នុងការស្វែងរកសំបុកសត្វក្រៀល នៅដែនជម្រកសត្វព្រៃលំផាត់
(ភ្នំពេញ)៖ រដូវស្សានៅដែនជម្រកសត្វព្រៃលំផាត់ គឺជាពេលវេលាដ៏មមាញឹកសម្រាប់ក្រុមការងារស្រាវជ្រាវជីវៈចម្រុះ។ ការស្វែងរកសំបុកសត្វក្រៀល (Sarus Crane) គឺជាសកម្មភាពសំខាន់មួយ សម្រាប់ស្វែងរក តាមដាន និងការពារប្រភេទសត្វដ៏មានតម្លៃមួយប្រភេទនេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ថា សត្វក្រៀលចាប់ផ្តើមបន្តពូជនៅចន្លោះពីខែឧសភា ដល់ខែតុលា។ ក្រៀលជាប្រភេទសត្វធ្វើសំបុកពងកូននៅនឹងដី ដែលនេះជាមូលហេតុអាចបណ្តាលឱ្យពួកគេជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ សត្វព្រៃដូចជា សត្វជ្រូកព្រៃ ជានិច្ចកាលតែងតែចូលទៅទីតាំងសំបុកដើម្បីស៊ីពងរបស់ក្រៀល ខណៈដែលទីតាំងធ្វើសំបុកនៅវាលស្មៅ និងវាលស្រែ។ មិនតែប៉ុណ្ណោះ ពង និងកូនក្រៀលក៏អាចមានហានិភ័យពីមនុស្សផងដែរ ដូចជាការប្រមូលយកពង កូន និងការរំខានដោយសកម្មភាពការធ្វើកសិកម្មពីអ្នកភូមិជាដើម។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា៖ដើម្បីការពារសត្វក្រៀល សំបុក ពង និងកូនទើបញាស់ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងប្រជាជនមូលដ្ឋានដែលមានវត្តមានសត្វក្រៀល។ ពួកយើងធ្វើការស្វែងរក និងពិនិត្យតាមដានសំបុកជាប្រចាំ ដើម្បីធានាបានថាសំបុក និងពងកូនអាចញាស់ចេញដោយជោគជ័យ៕




ដោយ ៖ ម៉ាដេប៉ូ