មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ កីឡាអាស៊ាន ជាចលនាផ្សព្វផ្សាយ បំផុសឱ្យប្រជាជន រស់នៅប្រកបដោយសុខភាពល្អ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានប្រារព្ធទិវាកីឡាអាស៊ាន ក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយ បំផុសឱ្យប្រជាជន នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

ទិវាកីឡាអាស៊ានដែលជាចលនាបំផុសដ៏មានសារៈសំខាន់ផ្តោតលើការផ្សព្វផ្សាយអំពីសកម្មភាពលេងកីឡាដើម្បីសុខភាពនេះ បានប្រព្រឹត្តិទៅនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានមាសភាពថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកកីឡា បុគ្គលិកអប់រំនៃនាយកដ្ឋានជំនាញ អង្គភាពពាក់ព័ន្ធ សហព័ន្ធកីឡាជាតិ សរុបចំនួន ៥៥០នាក់។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនបានជម្រាបជូនថា ទិវាកីឡាអាស៊ាន “ASEAN Sports Day” ឆ្នាំ២០២៥នេះ បានរៀបចំប្រភេទកីឡាដូចជា ហាត់ប្រាណតាមចង្វាក់ភ្លេង បុរស-នារី កីឡាបាល់ទះ បុរស-នារី កីឡាបាល់បោះ បុរស-នារី និងការហាត់ប្រាណជាមួយឧបករណ៍។ ហើយសកម្មភាព ប្រកួតគ្រប់ប្រភេទកីឡាទាំងអស់នេះ ពុំមានជាជើងឯក ពានរង្វាន់ ឬជ័យលាភីទេ គឺដើម្បីភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាព សុខភាព និងអបអរទិវាកីឡាអាស៊ាន នៃថ្ងៃកំណើតរបស់សហគមន៍អាស៊ាន។

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ទិវាកីឡាអាស៊ានដែលរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡានេះ ជាការបំផុសឱ្យប្រជាជនកម្ពុជា ក៏ដូចប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូលចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីលើកកម្ពស់សុខភាពប្រជាជន រឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងគ្នា និងលើកកម្ពស់វិស័យកីឡារដ្ឋសមាជិកអាស៊ាន។

ឯកឧត្តម បានគូសបញ្ជាក់ថា ការរៀបចំទិវាកីឡាអាស៊ាននេះត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងដើម្បីឱ្យប្រជាជនយល់ដឹងអំពីអាស៊ាន លើកកម្ពស់របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ សុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ (One Vision, One Identity, One Community) និងដើម្បីពង្រឹង លើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសសមាជិកអាស៊ានទាំងមូល។

រាជភិបាលកម្ពុជាបានអនុញ្ញាតជាគោលការណ៍ជូនក្រសួងអប់រំ យុវជន និងកីឡាឱ្យរៀបចំទិវាកីឡាអាស៊ាន ASEAN SPORTS DAY ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតមក។ កីឡាបានដើរតួយ៉ាងសំខាន់ នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គមវប្បធម៌ ទាំងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ បច្ចុប្បន្នពិភពលោកបានទទួលស្គាល់ថាកីឡា គឺជាឧបករណ៍មួយដ៏សំខាន់ ក្នុងកាទំនាក់ទំនងមិត្តភាព សាមគ្គីភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិ សាសនា ពណ៌សម្បុរ និងដើម្បីលើកកម្ពស់សុខភាព ប្រសិទ្ធិភាពការងារ និងការរស់នៅប្រកបដោយភាពសុខដុមនីយកម្ម។

នៅក្នុងសហគមន៍អាស៊ានមានការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) គឺជាព្រឹត្តិការណ៍ប្រកួតពហុកីឡា ដែលមានការចូលរួមពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១១។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍រៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡាយុវជនអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៦ និងការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩។

សូមរំលឹកថា ប្រទេសកម្ពុជា បានចូលជាសមាជិករបស់អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាសមាជិក រាជរដ្ឋា-ភិបាលកម្ពុជា ក៏បានចេញលិខិតលេខ ៦០៩ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អនុញ្ញាតជាគោលការណ៍ ជូនក្រសួងអប់រំ យុវជន និងកីឡា រៀបចំទិវាកីឡាអាស៊ាន ASEAN SPORTS DAY ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតមក៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner