គណៈកម្មការរដ្ឋបាលដីធ្លី រៀបចំបិទផ្សាយក្បាលដីជូនប្រជាពលរដ្ឋជាសាធារណៈ ចំនួន ០៤ភូមិ ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ សូមប្រជាពលរដ្ឋត្រូវប្រញាប់រួសរាន់មកពិនិត្យមើលការបិទឯកសារ នៃការវិនិច្ឆ័យដីធ្លីដែល មានរយៈពេល ១៥ (គិតចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង បើក្នុងករណីផុតរយៈពេលកំណត់នូវការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។

នេះគឺជាសំណូមពរ របស់ លោកស្រី ព្រំ គន្ធា អនុប្រធានក្រុមចុះបញ្ជីប្រចាំខណ្ឌដង្កោ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ចំនួន ០៤ភូមិ មាន ៖ ភូមិព្រៃវែងខាងលិច ភូមិព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ដែលស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសរុបមានចំនួន ៣២០៩ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋជាម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន។

លោក ប៊ិន សុឈី អនុប្រធាននៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺធ្វើតាមដំណាក់កាល ក្នុងនោះមានការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។ គោលបំណងដ៏សំខាន់នៃការបិទផ្សាយនេះ គឺដើម្បីធានាបាននូវទិន្នន័យអោយមានលក្ខណៈត្រឹមត្រូវស្របច្បាប់ ដែលមាននៅក្នុងឯកសារវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីធ្លី។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានលើកឡើងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា រហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner