ជប៉ុនត្រៀមផែនការជម្លៀសប្រជាជន ៥២ម៉ឺននាក់ ក្នុងករណីកើតគ្រោះរញ្ជួយដីទ្រង់ទ្រាយធំ

តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា អាជ្ញាធរក្នុងតំបន់នឹងស្នើឱ្យជម្លៀសប្រជាជនប្រហែល ៥២០.០០០នាក់ភ្លាមៗ ទៅកាន់តំបន់មានសុវត្ថិភាពមួយសប្តាហ៍ បើសិនការជូនព័ត៌មានបណ្តោះអាសន្នអំពីគ្រោះរញ្ជួយដី Nankai Trough ត្រូវបានប្រកាសពីលទ្ធភាពអាចទៅរូច នៃគ្រោះរញ្ជួយដីក្នុងកម្រិតទ្រង់ទ្រាយធំនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក។

ការប៉ាន់ស្មាននេះ ធ្វើឡើងស្របពេលដែលប្រទេសជប៉ុនបានមើលឃើញឱកាសប្រហែល ៨០% នៃការកើតមានគ្រោះរញ្ជួយដីក្នុងកម្រិតពី ៨ ទៅ ៩ រ៉ិចទ័រ នៅតាមតំបន់បាតសមុទ្រ ដែលគេហៅថា តំបន់ Nankai Trough។ ប្រសិនបើវាពិតជាកើតឡើងនៅពេលអនាគតមែន នោះរដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា វានឹងសម្លាប់មនុស្សប្រហែល៣០ម៉ឺននាក់ និងបំផ្លាញសេដ្ឋកិច្ចក្នុងទំហំជិត២ពាន់ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីពេលថ្មីៗនេះ។

ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន NHK, ការិយាល័យខុទ្ទកាល័យជប៉ុនបានធ្វើការស្ទង់មតិលើអាជ្ញាធរក្រុងចំនួន ៧០៧ក្រុងចាប់ពីតំបន់ Kanto ទៅដល់កោះ Okinawa និង Amami ចាប់ពីខែមិថុនា។ លទ្ធផលបានបង្ហាញថា ក្រុងចំនួន ១៣០ក្រុង ចាប់ពីខេត្ត Chiba ដល់ខេត្ត Kagoshima បានបញ្ចប់ការកំណត់តំបន់ដែលត្រូវការការជម្លៀសប្រជាជនចេញមុនគេ ក្នុងករណីមានការប្រកាសអាសន្ន ដោយចំនួនមនុស្សដែលត្រូវជម្លៀសមានចំនួនសរុបជាង ៥២០.០០០នាក់ ភាគច្រើនជាមនុស្សចាស់ និងជនពិការ ឬអ្នកផ្សេងទៀតដែលត្រូវការការថែទាំពិសេស។

តំបន់ Nankai Trough នេះ ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ភាគនិរតីនៃប្រទេសជប៉ុន លាតសន្ធឹងរហូតដល់ ៩០០គីឡូម៉ែត្រ។ ក្នុងករណីគ្រោះរញ្ជួយដីកើតឡើងនៅជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ជប៉ុន វានឹងបង្កឱ្យមានរលកយក្សស៊ូណាមិដ៏មហន្តរាយ ការបំផ្លិចបំផ្លាញអគាររាប់រយកន្លែង និងលទ្ធភាពសម្លាប់មនុស្សប្រហែល ៣០០.០០០នាក់ ប្រសិនបើវាកើតឡើងនៅពេលយប់ក្នុងរដូវត្រជាក់ ហើយវាក៏ទំនងជានឹងធ្វើឱ្យប្រជាជនជប៉ុន ជាង ១.០០០.០០០នាក់រត់ភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពផងដែរ។

សូមរំលឹកថា មនុស្សជាង ១៥,០០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៩ រ៉ិកទ័រនៅក្នុងឆ្នាំ២០១១ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ និងបំផ្លាញរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគឦសាននៃប្រទេសជប៉ុន៕

ប្រភព ៖ NHK និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner