ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមជាមួយអាជ្ញាធរខេត្ត នឹងជំរុញការអភិវឌ្ឍន៍ខេត្តកំពតឱ្យក្លាយជាទិសដៅទេសចរដ៏ទាក់ទាញលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា
(កំពត)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទីមួយឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្តនិងអាជ្ញាធរដែនដី មានសុទិដ្ឋិនិយមថា កំពតនឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតកំពុងមានផែនការកសាងបណ្ដាញផ្គត់ផ្គង់ និងចែកចាយទឹកស្អាតឱ្យបានគ្រប់គ្រាន់នៅក្នុងខេត្ត ដោយក្នុងនោះខេត្តកំពត បានដើរលើវិថីមួយដ៏ត្រឹមត្រូវ ហើយចាប់ពីពេលនេះតទៅមុខទៀត យើងត្រូវសម្រួចគោលដៅរបស់យើងទាំងអស់គ្នា ដើម្បីឆ្លើយតបទៅនឹងការងារ និងបញ្ហាប្រឈមនានាក្នុងខេត្តបន្តទៀត ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងអំពីមូលនិធិឃុំដែលជាយុទ្ធវិធីដ៏ពិសេសមួយសម្រាប់មូលដ្ឋាន ហើយត្រូវបន្តអនុវត្តកិច្ចការនេះបន្តទៀត ដោយត្រូវយកកិច្ចការនេះជាគោល ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ ។
តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានសុទិដ្ឋិនិយមថា កំពតនឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ដោយសារនៅទីនេះ មានសក្តានុពលទេសចរណ៍ដ៏សំបូរបែបក្នុងនោះមានសហគមន៍ត្រពាំងសង្កែ និងសហគមន៍ទេសចរណ៍ផ្សេងទៀត ហើយនាខែកញ្ញា ឬខែតុលាខាងមុខនេះយើងនឹងចាប់ផ្ដើមអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ចំនួន ១៣ ក្នុងជំហានទីមួយនេះ ដែលនេះគឺជាការចូលរួមជាមួយមូលនិធិឃុំ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមាគមផលិតបេតុងនៅខេត្តកំពត ឱ្យជួយអភិវឌ្ឍន៍ផ្លូវបេតុង បំពាក់សឡា និងដាំដើមឈើក្នុងបណ្ដាឃុំនានាជុំវិញទីតាំងផលិតបេតុង ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបង្ហាញអំពីគម្រោងដែលកំពុងរៀបរៀងជាមួយធនាគារAIB របស់ប្រទេសចិន ដែលហៅថាគម្រោងសេដ្ឋកិច្ចពណ៌ខៀវ មានន័យថាជាគម្រោងសេដ្ឋកិច្ចនៅតំបន់ឆ្នេរ ដោយក្នុងនោះមានការកសាងស្ថានីយ៍ផលិតទឹកស្អាត ផ្លូវ ប្រព័ន្ធធារាសាស្ត្រ និងបានស្នើដល់អភិបាលស្រុកនានាឱ្យចូលរួមក្នុងកិច្ចការនេះ ដោយបង្ហាញពីគោលដៅអភិវឌ្ឍន៍ក្នុងស្រុក ភ្ជាប់ជាមួយគម្រោងនេះ ហើយត្រូវទាក់ទាញការវិនិយោគឯកជននិងអង្គការសង្គមស៊ីវិលនានា ដើម្បីអភិវឌ្ឍន៍គម្រោងបន្ទាប់បន្សំមួយចំនួនក្នុងខេត្ត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថាប្រសិនបើគម្រោងទាំងអស់នេះបានដំណើរការនោះ ក្នុងអាណត្តិទី៧ នេះខេត្តកំពតនឹងទទួលបានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញទេសចរណ៍បានកាន់តែច្រើនថែមទៀត ដោយឡែកគ្រប់ឃុំទាំងអស់នៅក្នុងខេត្តកំពតនឹងមានប្លង់គោល មានព័ត៌មានក្បាលដីច្បាស់លាស់ ដែលនេះជាឧបករណ៍មួយសម្រាប់ចុះមូលដ្ឋាន និងជាឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នឹងរៀបចំប្លង់គោលនេះនៅទូទាំងប្រទេសផងដែរ ៕






ដោយ / គី្រ សម្បត្តិ