អ៊ុយក្រែនជោគជ័យបាញ់សាកល្បងមីស៊ីលរយៈចម្ងាយ ៣.០០០ គីឡូម៉ែត្រ
កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ប្រទេសរបស់លោកទើបបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីល Flamingo ជាប្រភេទកាំជ្រួចរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine កាលពីថ្ងៃព្រហស្បតិ៍។
អ៊ុយក្រែនបានចាប់ផ្តើមផលិតកម្មមីស៊ីលបញ្ជាទិសរយៈចម្ងាយឆ្ងាយ Flamingo ក្នុងស្រុកជាផ្លូវការ ហើយកាំជ្រួចនេះត្រូវបានគេរាយការណ៍ថា អាចបាញ់ក្នុងរយៈចម្ងាយ ៣.០០០គីឡូម៉ែត្រឯណោះ។
លោកប្រធានាធិបតី Zelensky និយាយថា អ៊ុយក្រែនទើបបានបាញ់សាកល្បងមីស៊ីលនេះដោយជោគជ័យ ហើយមកទល់ពេលនេះ កាំជ្រួចនេះគឺជាជោគជ័យធំបំផុតដែលយើងមាន។
ហើយអ៊ុយក្រែនរំពឹងថា នឹងផលិតបានមីស៊ីលល Flamingo ជាច្រើនគ្រាប់បន្ថែមទៀតនៅត្រឹមខែធ្នូឆ្នាំនេះ ដោយការផលិតទ្រង់ទ្រាយធំគ្រោងនឹងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៦។
ប៉ុន្មានខែថ្មីៗនេះ អ៊ុយក្រែនកាន់តែមានការរីកចម្រើនខ្លាំងលើប្រព័ន្ធអាវុធក្នុងស្រុក រួមទាំងមីស៊ីលបាលិស្ទិក Sapsan រយៈចម្ងាយខ្លី ដែលបានបញ្ចប់ការសាកល្បងប្រយុទ្ធក្នុងខែមិថុនា និងមីស៊ីលកូនកាត់ដ្រូន Palianytsia។
ការដាក់ពង្រាយមីស៊ីល Flamingo ដ៏មានសក្តានុពល នឹងអាចជួយពង្រឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប្រឆាំងនឹងគោលដៅកាន់តែជ្រៅរបស់រុស្ស៊ី៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា