វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញក្នុងការជួយពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានការងារធ្វើ

(ភ្នំពេញ)៖ ខណៈពេលដែលពលករខ្មែរត្រឡប់មកកម្ពុជាវិញប្រមាណជាង ៩២ម៉ឺននាក់ តើក្រសួងការងារបានដាក់ចេញវិធានការអ្វីខ្លះដើម្បីជួយពលករ?

ចាប់តាំងពីពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ក្រសួងការងារបានដាក់ចេញវិធានការសំខាន់ៗចំនួន ១១ ដែលក្នុងនោះរួមមាន៖

១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ

២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក

៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២

៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ

៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

៦. សេចក្តីជូនដំណឹងស្តីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា

៧. សេចក្តីជូនដំណឹង ស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

៨. សេចក្តីណែនាំ ស្តីពីការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃអំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ

១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិធានការទាំងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ ក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វិធានការទាំងអស់នេះ បង្ហាញយ៉ាងជាក់ច្បាស់អំពីការគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីគិតគូរយ៉ាងយកចិត្តទុកដាក់របស់ក្រសួងការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករដែលមកពីថៃរកការងារធ្វើឱ្យបាន”។

ឯកឧត្តម បានបន្ថែមថា ក្រោយពីបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការជួយពលករខ្មែរ ក្រសួងការងារបាននិងកំពុងដាក់ចេញ និងអនុវត្តវិធានការសំខាន់ៗបន្ថែមមួយចំនួនទៀតផងដែរ ។

អ្នកនាំពាក្យ ថ្លែងថា៖ “ក្រសួងការងារបាននិងកំពុងបំពេញវិធានការសំខាន់ៗ ៣បន្ថែមទៀត ដូចជា ការបើកវេទិកាការងារប្រចាំថ្ងៃនៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីស្នាក់ការបេឡាជាតិសន្តិសុខសង្គមនៅតាមបណ្តាខេត្តក្រុង ការចុះវេទិកាការងារជុំទី៣ និងការចុះឈ្មោះស្វែងរកការងារធ្វើតាមលេខ Hotline 1297”។

គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩២ម៉ឺននាក់បានវិលត្រឡប់មកដល់កម្ពុជាវិញ ក្នុងនោះមានក្មេង ៥ម៉ឺននាក់ និងអ្នកមានអាយុ ៤៥ឆ្នាំឡើងចំនួន ២៥ម៉ឺននាក់។ តាមរយៈយុទ្ធនាការរបស់ក្រសួងការងារ មានពលរដ្ឋរាប់ម៉ឺននាក់បានទទួលបាននូវឱកាសការងារជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តខ្ពង់ក្នុងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសពលករដែលបានវិញត្រឡប់មកប្រទេសកម្ពុជាវិញ និងសូមស្នើដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬជួយចុះឈ្មោះចូលធ្វើការជូនបងប្អូនពលករ ឬប្រជាជនខ្មែរដែលមិនទាន់មានការងារធ្វើតាមរយៈតេឡេក្រាមបតរបស់ក្រសួង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner