អ៊ីស្រាអែលដាក់លក្ខខណ្ឌចំនួន ២ ទៅក្រុមហាម៉ាស បើមិនព្រម អ៊ីស្រាអែលនឹងកម្ទេចតំបន់ហ្គាហ្សា

ហ្សេរុយសាឡឹម ៖ ប្រមុខការពារជាតិអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានគំរាមខ្លាំងៗថា នឹងកម្ទេចទីក្រុងហ្គាហ្សាឱ្យក្លាយជាផេះ បើសិនក្រុមហាម៉ាស់មិនយល់ព្រមអោនក្បាលទម្លាក់អាវុធចុះ និង មិនព្រមដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ឬមិនព្រមបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌរបស់អ៊ីស្រាអែលទេនោះ។

សារព័ត៌មានព័ត៌មាន France24 បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឆាប់ៗនេះ ទ្វារនរកនឹងបើកលើក្បាលឃាតករ និងពួករំលោភបំពានហាម៉ាស់នៅហ្គាហ្សា រហូតទាល់តែពួកគេយល់ព្រមតាមលក្ខខណ្ឌរបស់អ៊ីស្រាអែល សម្រាប់ការបញ្ចប់សង្គ្រាម។ មុនដំបូង ត្រូវដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ និងទម្លាក់អាវុធសុំចុះចាញ់។

លោក Katz មានវ័យ៧០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា បើសិនពួកគេមិនយល់ព្រមទេ នោះហ្គាហ្សាដែលជារដ្ឋធានីរបស់ពួកហាម៉ាស់ នឹងប្រែក្លាយដូចជាទីក្រុង Rafah និងទីក្រុង Beit Hanoun ដោយលោកចង់និយាយដល់ទីក្រុងចំនួនពីរក្នុងតំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតអំឡុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីមុន។

ការព្រមានធ្ងន់ៗរបស់ប្រមុខការពារជាតិអ៊ីស្រាអែលរូបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជាឱ្យមានការចរចាជាបន្ទាន់ ក្នុងគោលបំណងជំរុញឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា។

លោក Netanyahu មានវ័យ៧៥ឆ្នាំរូបនេះបានគូសបញ្ជាក់ថា ការជំរុញដោះលែងចំណាប់ខ្មាំង នឹងធ្វើឡើងអមដោយដំណើរប្រតិបត្តិការវាយលុកគ្រប់គ្រងទីក្រុងហ្គាហ្សាទាំងមូល និងកម្ទេចទីតាំងឈរជើងរឹងមាំរបស់ពួកហាម៉ាស់តែម្តង។ កាលពីដើមសប្តាហ៍នេះ ក្រសួងការពារជាតិអ៊ីស្រាអែលក៏បានអនុញ្ញាតឱ្យមានការកែនទ័ពបម្រុងប្រហែល ៦០.០០០នាក់ ដើម្បីជួយដណ្តើមកាន់កាប់ទីក្រុងហ្គាហ្សា ផងដែរ។

សូមរម្លឹកថា សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ បានឆាបឆេះឡើងចាប់តាំងពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះបើកការវាយលុកមិនធ្លាប់មានចូលទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សចំនួន ១.២១៩នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការ។

ជាការសងសឹកវិញ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦២.០០០នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខពីក្រសួងសុខាភិបាលហ្គាហ្សា ដែលអង្គការសហប្រជាជាតិចាត់ទុកថា អាចទុកចិត្តបាន៕

ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner