តើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់បាក់ឌុបឆ្នាំនេះដំណើរការដូចម្តេច?
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ខាងមុខនេះ។
សម្រាប់ដំណើរការប្រឡង និងកាលបរិច្ឆេទនីមួយៗមានដូចជា៖
-ដំណើរការសរសេរ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥
-ដំណើរការកំណែ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥
-ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥
-ដំណើការបោះពុម្ពលទ្ធផលប្រឡង ប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
-ក្រសួងកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នេះដែរ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់។
ចំពោះ មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ។បេក្ខជន ត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេសតែប៉ុណ្ណោះ៕
ដោយ ៖ ម៉ាដេប៉ូ






