មេធំណាតូអំពាវនាវឱ្យធានាសន្តិសុខរឹងមាំដល់អ៊ុយក្រែន

កៀវ ៖ ប្រមុខអង្គការណាតូ នៅថ្ងៃទី២២ ខែសីហា បានអំពាវនាវឱ្យមានការធានាសន្តិសុខរឹងមាំដល់អ៊ុយក្រែន ក្នុងករណីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដើម្បីធានាថា រុស្ស៊ីនឹងគោរពតាមកិច្ចព្រមព្រៀងសន្តិភាព និង មិនឈ្លានពានអ៊ុយក្រែនម្តងទៀត។

ការទទូចបែបនេះរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្វើឡើងអំឡុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងកៀវ ជាទីដែលលោកជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

ក្នុងនាឱកាសនោះដែរ លោក Rutte បានទទួលស្គាល់ថា ការធានាសន្តិសុខរឹងមាំដល់អ៊ុយក្រែន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយរឿងនេះ គឺជាអ្វីដែលឥឡូវនេះ យើងកំពុងកំណត់គោលដៅធ្វើការ។

ប្រមុខអង្គការណាតូរូបនេះ បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខរឹងមាំ គឺជារឿងចាំបាច់ ដើម្បីធានាថា រុស្ស៊ីនឹងគោរពតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយ បើសិនឈានដល់ ហើយនឹងបញ្ឈប់ការប៉ុនប៉ងលេបយកទឹកដីអ៊ុយក្រែន សូម្បីមួយគីឡូម៉ែត្រការ៉េតទៅទៀតទេ។

សម្រាប់លោកប្រធានាធិបតី Zelensky វិញ បាននិយាយថា ការធានាសន្តិសុខរឹងមាំ ក៏គួរតែរួមមាននូវអ្វីដែលដៃគូអាចផ្តល់ឱ្យអ៊ុយក្រែន ក៏ដូចជាអ្វីដែលកងទ័ពនៅអ៊ុយក្រែនគួរតែមានដូច នៅពេលដែលសង្រ្គាមបានបញ្ចប់។

យោងតាមប្រភពពីសារព័ត៌មាន AFP, រុស្ស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃទីក្រុង Budapest ក្នុងឆ្នាំ ១៩៩៤ ដែលមានគោលបំណងធានាសន្តិសុខសម្រាប់អ៊ុយក្រែន បេឡារុស និងកាហ្សាក់ស្ថាន ជាថ្នូរនឹងការបោះបង់ចោលអាវុធនុយក្លេអ៊ែរជាច្រើនដែលបន្សល់ទុកពីសម័យសូវៀត។

យ៉ាងណាមិញ រុស្សីបានរំលោភលើវាជាលើកដំបូង ដោយចាប់យកវាយយកតំបន់គ្រីមៀក្នុងឆ្នាំ ២០១៤ ហើយបន្ទាប់មក ចាប់ផ្តើមការវាយលុកពេញលេញប្រឆាំងអ៊ុយក្រែននៅឆ្នាំ ២០២២ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំឲ្យជនស៊ីវិលរាប់លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner