ឥណ្ឌាចាប់ដៃបារាំងផលិតម៉ាស៊ីនយន្តហោះចម្បាំងក្នុងស្រុក

ញូវដែលី ៖ ឥណ្ឌាកំពុងចាប់ដៃគូរធ្វើការរួមគ្នាជាមួយក្រុមហ៊ុនមកពីបារាំង ដើម្បីអភិវឌ្ឍន៍ និងផលិតម៉ាស៊ីនយន្តហោះចម្បាំងនៅក្នុងប្រទេសឥណ្ឌាផ្ទាល់ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ការសហការគ្នានេះកើតឡើងស្របពេលដែលឥណ្ឌាកាលពីខែឧសភា បានបើកភ្លើងខៀវលើការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយគំរូ ជំនាន់ទី៥ មានឈ្មោះថា AMCA ហើយចាត់ទុកវាជាការជំរុញដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសឥណ្ឌា។

ឥណ្ឌាដែលជាប្រទេសនាំចូលសព្វាវុធធំបំផុតមួយរបស់ពិភពលោក បានចាត់ទុកការធ្វើទំនើបកម្មកងកម្លាំងប្រដាប់របស់ខ្លួនជាអាទិភាពកំពូល ហើយឥណ្ឌាតែងតែខិតខំប្រឹងប្រែងព្យាយាម ដើម្បីជំរុញឱ្យមានរោងចក្រ និងក្រុមហ៊ុនផលិតសព្វាវុធក្នុងស្រុកផ្ទាល់។

ក្រៅពីសហការផលិតម៉ាស៊ីនយន្តហោះ ឥណ្ឌាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃរាប់ពាន់លានដុល្លារ កាលពីខែមេសាផងដែរ ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿងពីក្រុមហ៊ុនអាកាសចរណ៍ Dassault របស់បារាំង។

យន្តហោះទាំងនេះ នឹងចូលរួមជាមួយយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿងផ្សេងទៀត ដែលឥណ្ឌាបានទិញរួចហើយ ដើម្បីយកមកជំនួសយន្តហោះចម្បាំង MiG-29K របស់រុស្ស៊ីដែលហួសសម័យ។

មួយទសវត្សរ៍ចុងក្រោយនេះ ឥណ្ឌាបានដំណើរការរោងចក្រឧទ្ធម្ភាគចក្រថ្មីដ៏ធំ និង បើកដំណើរការនាវាផ្ទុកយន្តហោះ នាវាចម្បាំង និងនាវាមុជទឹកដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួន ហើយថែមទាំងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយប្រកបដោយជោគជ័យ។

លើសពីនេះ ប្រមុខការពារជាតិឥណ្ឌាក៏បានសន្យាស្វែងរកថវិកាយ៉ាងហោចណាស់ ១០០ពាន់លានដុល្លារ ដើម្បីចាក់បញ្ចូលទៅក្នុងកុងត្រាផលិតឧបករណ៍យោធាក្នុងស្រុកនៅឆ្នាំ២០៣៣ ដើម្បីជំរុញការផលិតគ្រឿងសព្វាវុធក្នុងប្រទេស៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner