អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ការរាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃ រាជរដ្ឋាភិបាលមិនដែលនៅស្ងៀមនោះទេ ហើយកម្ពុជាតែងយកសន្តិវិធីដោះស្រាយជានិច្ច
(ភ្នំពេញ)៖ ការអត់ធ្មត់ និងការរក្សាស្មារតីសាមគ្គី ឯកភាពជាតិជារឿងសំខាន់ ក្នុងដំណាក់កាលនេះ ។ ដូច្នេះតាមរយៈការប្រកាន់យកភាពអត់ធ្មត់ ជាសញ្ញាល្អ និងវាបានលេចឡើងជាបន្តបន្ទាប់ ហេតុនេះយើងបន្តធ្វើហើយក៏បន្តជឿជាក់លើរាជរដ្ឋាភិបាលដើម្បីសម្រេចដល់គោលដៅដែលរាជរដ្ឋាភិបាល និងពលរដ្ឋយើងចង់បាន ជាដំណោះស្រាយដោយសន្តិវិធី និងសន្តិភាព ។
ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដោយដកស្រង់ពីចំណុចមួយដែលបានចែងក្នុងសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)កាលពីថ្ងៃសុក្រទី ២២ខែសីហា ឆ្នាំ២០២៥ ក្នុងខេត្ត ស្រះកែវ ប្រទេសថៃ ដែលមានខ្លឹមសារថា៖”ភាគីទាំងពីរបានពិភាក្សាគ្នា ក្នុងការស្វែងរកវិធានការជាក់ស្តែង ដើម្បីដោះស្រាយ បញ្ហាការរាយបន្លាលួស សំបកកង់ឡាន ព្រមទាំងការបង្កឧបសគ្គផ្សេងៗក្នុងគោលបំណងកាត់បន្ថយការលំបាកដែលសហគមន៍មូលដ្ឋានកំពុងប្រឈម និងសម្រួលការវិលត្រឡប់មកវិញរបស់បងប្អូនប្រជាពលរដ្ឋដោយសុវត្តិភាពក្នុងាការរស់នៅ និងកាត់បន្ថយផលប៉ះពាល់ ជីវភាពរស់នៅរបស់ពួកគាត់។ទាំងអស់នេះគឺជាឧទាហរណ៍មួយដែលបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងតវ៉ាគ្រប់ពេលដោយប្រើប្រាស់គ្រប់យន្តការ ដែលយើងមាន ហើយរដ្ឋាភិបាលមិនដែលនៅស្ងៀមចំពោះមុខបញ្ហានេះទេ។
ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា« ខ្ញុំសូមបងប្អូនយើងរក្សាភាពនឹងនរបំផុត រក្សាឱ្យបាននូវស្មារតី សាមគ្គីឯកភាពជាតិដ៏រឹងមាំដែលកំពុងតែកើតមាននៅពេលនេះ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយរឿងនេះ ដោយសន្តិវិធី ដោយប្រើប្រាស់យន្កការការទូត បច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ បានបញ្ចប់ដោយភាគីកម្ពុជា និងថៃ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងលើការវិវឌ្ឍជាវិជ្ជមាននេះ ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្ដារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន៕
ដោយ៖ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហ៊ួត
