កូរ៉េខាងត្បូង និង ជប៉ុនព្រមព្រៀងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យមានស្ថិរភាព
តូក្យូ ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និង នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងទិសដៅអនាគត។
លោកប្រធានាធិបតី Jae-myung អំឡុងបំពេញទស្សនកិច្ចនៅជប៉ុន នៅថ្ងៃ ទី២៣ ខែសីហា បាននិយាយថា កូរ៉េខាងត្បូង-ជប៉ុន គឺជាប្រទេសជិតខាង ហើយភាគីទាំងពីរគឺជាដៃគូដែលមិនអាចកាត់ផ្តាច់ពីគ្នា ដែលគួរតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសន្តិភាព និងវិបុលភាព។
រីឯលោកនាយករដ្ឋមន្ត្រី Ishiba បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមធ្វើឱ្យប្រសើរឡើងជាលំដាប់នូវទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើមូលដ្ឋានវិជ្ជមាន ដែលបង្កើតឡើងចាប់តាំងពីថ្ងៃធ្វើឱ្យមានប្រក្រតីភាពឡើងវិញ ក្នុងទំនាក់ទំនងការទូតឆ្នាំ១៩៦៥។
នាឱកាសនោះដែរ មេដឹកនាំ ទាំងពីរបាន ពិភាក្សា អំពី ការ ជំរុញ ទំនាក់ទំនង សេដ្ឋកិច្ច និង ការ ផ្លាស់ប្តូរ រវាងប្រជាជន ទៅ ប្រជាជន។ ភាគី ទាំង ពីរ ក៏បានយល់ព្រមធ្វើការរួមគ្នាទៅលើបញ្ហាប្រឈមរួមសំខាន់ៗមួយចំនួន រួមទាំងការថយចុះចំនួនប្រជាជនយ៉ាងឆាប់រហ័ស និងអត្រាកំណើតទាប។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខវិញ មេដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅរួមគ្នាលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

