លោក គីម ជុងអ៊ុន ចុះមើលផ្ទាល់ការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសថ្មី

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសថ្មីចំនួនពីរប្រភេទ។

កាំជ្រួចប្រភេទនេះ មានប្រសិទ្ធភាពទប់ទល់នឹងការគំរាមកំហែងពីលើអាកាស ដូចជាយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និង មីស៊ីលបញ្ជាទិសជាដើម។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា សព្វាវុធមានសមត្ថភាពប្រយុទ្ធខ្ពស់ បំផុត និងបានប្រើប្រាស់បច្ចេកវិទ្យាពិសេស ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ទីភ្នាក់ងារ KCNA និយាយថា ការបាញ់សាកល្បងនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ ដើម្បីបានបង្ហាញឱ្យឃើញថា លក្ខណៈបច្ចេកទេសនៃមីស៊ីលទាំងពីរប្រភេទនេះ គឺស័ក្តិសមបំផុតសម្រាប់ការបំផ្លាញគោលដៅពីលើអាកាសផ្សេងៗរបស់គូរសត្រូវ។

កាលពីខែមករា កូរ៉េខាងជើងក៏បានអះអាងដែរថា នឹងបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីដែលផ្ទុកក្បាលគ្រាប់លឿនជាងសំលេង ដែលខ្លួនបាននិយាយថា នឹងអាចបង្កការគំរាមកំហែងដល់គូសត្រូវនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ទន្ទឹមគ្នា មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានលើកឡើងពីការព្រួយបារម្ភថា កូរ៉េខាងជើងបានទទួលបច្ចេកវិទ្យាមីស៊ីលរបស់រុស្ស៊ី ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅគាំទ្រការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner