គណ:មេប្រយោគ និងប្រធានអប្បមាទមមាញឹក រាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមបញ្ជូនទៅតាមបណ្ដារាជធានី-ខេត្ត

(ភ្នំពេញ)៖ នេះគឹជាសកម្មភាពគណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ កំពុងមានភាពមមាញឹកក្នុងការរាប់ស្រោមវិញ្ញាសា និងរៀបចំហឹបវិញ្ញាសាត្រៀមសម្រាប់ដឹកជញ្ជូនទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីធានាថា ការដឹកជញ្ជូននឹងប្រព្រឹត្តទៅដោយសុវត្ថិភាព ។

ក្រសួងអប់រំ ឱ្យដឹងថា ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវដឹកយកទៅកាន់រាជធានី-ខេត្ត នៅថ្ងៃស្អែក ពេលព្រឹក ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និងកងកម្លាំងសមត្ថកិច្ច។

ក្រសួងអប់រំបានឱ្យដឹងដែរថា តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រិរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធានាបានថាការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់ ។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។

ដោយឡែកសម្រាប់មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤បន្ទប់ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់ ។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner