អេក្វាទ័ររឹបអូសគ្រឿងផ្ទុះ ត្រៀមធ្វើភេរវកម្ម
គីតូ ៖ អាជ្ញាធរប្រទេសអេក្វាទ័រ កាលពីថ្ងៃទី២៤ ខែសីហា បានរឹបអូសសម្ភារៈផ្ទុះ សង្ស័យត្រៀមធ្វើអំពើភេរវកម្ម នៅប្រទេសកូឡុំប៊ី ដែលជាប្រទេសក្បែរខាង។
ប៉ូលីសអេក្វាទ័រ បានបង្ហាញ ពីការរឹបអូសថង់ផ្ទុកសារធាតុផ្ទុះ ចំនួន ៣,៧៥០ ខ្សែបំផ្ទុះប្រវែង ២៥,០០០ ម៉ែត្រ ដែលត្រៀមបញ្ជូន ទៅកាន់ប្រទេសកូឡុំប៊ី សម្រាប់ធ្វើ អំពើភេរវកម្ម នេះបើយោងតាមអាជ្ញាធរ។ ជាការរឹបអូស នៅក្នុងប្រតិបត្តិការមួយនៅតាមព្រំដែន រវាងប្រទេសទាំងពីរ។ នៅក្នុងហេតុការណ៍នេះ មានការចាប់ខ្លួនជនជាតិអេក្វាទ័រ ចំនួនពីរនាក់។
កូឡុំប៊ី និង អេក្វាទ័រ គឺជាប្រទេសស្ថិតក្នុងតំបន់អាមេរិកខាងត្បូង ដូចគ្នា។ ប្រទេសកូឡុំប៊ី កំពុងជួបប្រទះវិបត្តិអំពើហិង្សា ដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ ដោយសារការវាយប្រហារ ដោយក្រុមទ័ពព្រៃ និងក្រុមម៉ាហ្វីយ៉ា ដែលកេងចំណេញពីការជួញដូរគ្រឿងញៀន ការជំរិតទារប្រាក់ និងការជីកយករ៉ែខុសច្បាប់។
ជាក់ស្តែង កាលពីថ្ងៃទី២១ ខែសីហា ការវាយប្រហារចំនួនពីរ បង្កឡើងដោយ ក្រុមឧទ្ទាមបានបណ្តាលឱ្យមនុស្ស ១៩នាក់ស្លាប់ និងជាង ៦០នាក់ រងរបួស រួមទាំង ជនស៊ីវិល និង បុគ្គលិកឯកសណ្ឋាន ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
