រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃ អនុវត្តឱ្យបានម៉ឺងម៉ាត់ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ

(ភ្នំពេញ)៖ មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹង និងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និង អធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរចំពោះលទ្ធផល នៃកិច្ចប្រជុំពិសេសរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ភូមិថាំ វេឆាយៈឆៃ (Phumtham Wechayachai) នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានផ្តួចផ្តើម និងសហការរៀបចំដោយ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និង ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលបានសង្គ្រោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែននាក់ និងប្រទេសជាតិទាំងមូល។ កិច្ចប្រជុំនេះក៏បានបើកផ្លូវឱ្យមានកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃ៧ សីហា ឆ្នាំ២០២៥ ដែលបានឯកភាពលើ ១៣ចំណុចដ៏សំខាន់សម្រាប់ការអនុវត្តបន្ត ។

សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវឱ្យមានការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងការរៀបចំនីតិវិធី ប្រតិបត្តិការស្តង់ដា (Standard Operation Procedure) និងលក្ខខណ្ឌ គោល (Term of Reference) នៃការចរចាដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត។ ខ្ញុំក៏សូមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការជំរុញនូវកិច្ចចរចានេះ ដើម្បីឈានទៅរកប្រក្រតីភាព ឡើងវិញ នូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ និងសន្តិភាពយូរអង្វែង ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេស និងស្ថាប័នជាមិត្ត មានជាអាទិ៍ សហភាពអឺរ៉ុប ចិន ជប៉ុន កាកបាទក្រហមកម្ពុជា កាកបាទក្រហមអន្តរជាតិ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision) អង្គការយូនីសេហ្វ (UNICEF) និងអង្គភាពការពារកុមារ (Child Protection Unit) បានផ្តល់ ជំនួយមនុស្សធម៌ ដែលកំពុងត្រូវការជាចាំបាច់ សម្រាប់ជួយដល់ជន ភៀសសឹកកម្ពុជារាប់សែននាក់ ។ ទឹកចិត្តសប្បុរសនេះនឹងស្ថិតជាប់ក្រឳបេះដូងប្រជាជនកម្ពុជា ជានិច្ច ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner