អ៊ីស្រាអែលវាយប្រហារលើរដ្ឋធានី របស់ប្រទេសយេម៉ែន
សាណា ៖ ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារ លើរដ្ឋធានី សាណា របស់ប្រទេសយេម៉ែន កាលពីថ្ងៃទី២៤ ខែសីហា។
អ៊ីស្រាអែល អះអាងថា ជាការវាយប្រហារ លើក្រុម Houthi បន្ទាប់ពីមានរបាយការណ៍ថា ក្រុមប្រដាប់អាវុធ ដែលគ្រប់គ្រងប្រទេសយេម៉ែន មួយនេះ បានប្រើគ្រាប់បែកចង្កោម វាយប្រហារ លើអ៊ីស្រាអែល កាលពីថ្ងៃសុក្រ។
ប្រតិបត្តិការរបស់អ៊ីស្រាអែល បានកំណត់គោលដៅ លើទីតាំងយោធា ដែលស្ថិតនៅតំបន់ វិមានប្រធានាធិបតី ព្រមទាំង ឃ្លាំងប្រេងឥន្ធនៈ និង ស្ថានីយថាមពល។ ពួក Houthi បាននិយាយថា មនុស្ស៤នាក់ បានស្លាប់ និង ៦៧នាក់ រងរបួស។
គួរបញ្ជាក់ថា ក្រុម Houthis បានត្រួតត្រា លើយេម៉ែន ចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីពួកគេ បណ្តេញរដ្ឋាភិបាល ដែលមានការទទួលស្គាល់ ជាអន្តរជាតិ ចេញពីទីក្រុង Sanaa ហើយបានបង្កឱ្យមានសង្រ្គាមស៊ីវិល ដ៏មហន្តរាយ។
ជាការកតសម្គាល់ ចាប់តាំងពីការចាប់ផ្តើម នៃសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ក្នុងខែតុលា ឆ្នាំ២០២៣ មក ក្រុម Houthis បានបាញ់មីស៊ីល ជាទៀងទាត់ ទៅកាន់អ៊ីស្រាអែល និងបានវាយប្រហារ លើនាវាពាណិជ្ជកម្ម នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។
ក្រុមឧទ្ទាម ដែលគេជឿថា ត្រូវបានផ្គត់ផ្គង់អាវុធដោយប្រទេសអ៊ីរ៉ង់ ក៏បានប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងអំឡុងពេល នៃការប្រឈមមុខដាក់គ្នារយៈពេល ១២ថ្ងៃ របស់ខ្លួន ជាមួយអ៊ីស្រាអែល កាលពីខែមិថុនា ផងដែរ៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត