អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចពិភាក្សារឿងជម្លោះព្រំដែនកម្ពុជា-ថៃ មានការវិវត្តន៍ជាបន្តបន្ទាប់ទាំង GBC និងក៏ដូចជា RBC
(ភ្នំពេញ)៖ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកឃើញថា មានការវិវត្តជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីទាំងកម្ពុជា និងថៃ ក្នុងនេះដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលជាភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងលើគ្រប់វិស័យនៃប្រទេសក្បែរខាងគ្នា។
ថ្លែងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ឱ្យដឹងថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់ នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់ បណ្តាយោធានៅតាមភូមិភាគ និងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងប្រឹងប្រែងនៅក្នុងការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
សម្រាប់នាព្រឹកថ្ងៃនេះក៏ មានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ នឹងប្រព្រឹត្តទៅនៅខេត្តប៉ៃលិន ផងដែរ។ កិច្ចប្រជុំវិសាមញ្ញ(RBC)នេះ គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងឱ្យបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់និងបណ្តាយោធាភូមិភាគនិងអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ដើម្បីបញ្ជៀសការប៉ះទង្គិចនានា ស្របតាមស្មារតីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លីមហ៊ួត